បាល់ទាត់៖ ក្រុមការពារជើងឯកប្រេស៊ីលបានឈានឡើងវគ្គផ្តាច់ព្រ័ត្រ ដណ្តើមមេដាយមាសអូឡាំពិកទីក្រុងតូក្យូហើយ ក្រោយជ័យជំនះលើក្រុមម៉ិកស៊ិកដោយបាល់ ១១ម៉ែត្រកាត់សេចក្តី។

បន្ទាប់ពីគ្មានក្រុមស៊ុតបញ្ចូលទីរយៈពេល ៩០នាទី និងបន្ថែម ១៥នាទីពីរដងទៀត ប្រេស៊ីល និងម៉ិកស៊ិកត្រូវកាត់សេចក្តីរកក្រុមចាញ់ឈ្នះដោយបាល់ ១១ម៉ែត្រ។ អ្នកចាំទីប្រេស៊ីល Santos ជួយសង្គ្រោះគ្រាប់ទី១ របស់ម៉ិកស៊ិកស៊ុតដោយ Eduardo Aguirre មុនពេលដែល Johan Vasquez ស៊ុតបុកបង្គោលទីនៃ ២គ្រាប់ដំបូង។ ប្រេស៊ីលមិនភ្លាត់ឡើយក្នុងបាល់ ១១ម៉ែត្រនេះដោយស៊ុតបញ្ចូលទីសំរេចទាំង ៤គ្រាប់ដោយ Dani Alves, Gabriel Martinelli, Bruno Guimaraes និង Reinier ឱ្យប្រេស៊ីលយកឈ្នះម៉ិកស៊ិក ៤-១ ឡើងវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសជួបជាមួយអេស្ប៉ាញ។

ងាកមកអេស្ប៉ាញបានទំលាក់ក្រុមម្ចាស់ផ្ទះជប៉ុន ១-០ នៅម៉ោងបន្ថែមនាទីទី១១៥ ទៅហើយដោយកីឡាករបម្រុង Marco Asensio នៅកីឡដ្ឋាន Saitama។ នេះជាការឈានឡើងវគ្គផ្តាច់ព្រ័ត្រវិញ្ញាសាបាល់ទាត់ លើកដំបូងសំរាប់អេស្ប៉ាញនៅអូឡាំពិក តាំងពីឆ្នាំ២០០០ អូឡាំពិកទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី ដែលបានត្រឹមជើងឯករងនៅពេលនោះ៕
អត្ថបទ៖នាង សុភាវុធ