
ទិន្នន័យបង្ហាញថា ខណៈពេលដែលសហរដ្ឋអាមេរិកបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយពាណិជ្ជកម្មជាមួយចិន ដោយការតម្លើងពន្ធ វាបានក្លាយជាកត្តាជំរុញយ៉ាងខ្លាំងក្លាដល់ការនាំចូលពីប្រទេសវៀតណាមដែលពឹងផ្អែកលើចំណែកប្រភពធនធានរបស់ចិន សម្រាប់ការនាំចេញភាគច្រើនរបស់ខ្លួន។
ការកើនឡើងក្នុងពាណិជ្ជកម្មចិន-វៀតណាម-អាមេរិក បានធ្វើឲ្យមានអតុល្យភាពពាណិជ្ជកម្មយ៉ាងធំធេង ដោយប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កាលពីឆ្នាំមុន បានប្រកាសអតិរេកជាមួយវ៉ាស៊ីនតោនជិត ១០៥ពាន់លានដុល្លារ ពោលគឺមានចំនួន ២,៥ដងធំជាងកាលពីឆ្នាំ២០១៨ នៅពេលដែលរដ្ឋបាលរបស់លោក Donald Trump បានយកពន្ធខ្ពស់លើទំនិញនាំចូលរបស់ចិនជាលើកដំបូង។
ឥឡូវនេះ វៀតណាមមានអតិរេកពាណិជ្ជកម្មខ្ពស់បំផុតទី៤ ជាមួយសហរដ្ឋអាមេរិក ដែលទាបជាងតែប្រទេសចិន ម៉ិកស៊ិក និងសហភាពអឺរ៉ុបប៉ុណ្ណោះ។
ទំនាក់ទំនងស៊ីចង្វាក់គ្នាកាន់តែកើនឡើងនេះ លេចចេញពីទិន្នន័យពាណិជ្ជកម្ម គយ និងការវិនិយោគរបស់អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក វៀតណាម និងចិន ដែលត្រូវបានពិនិត្យដោយសារព័ត៌មាន Reuters និងដែលត្រូវបានបញ្ជាក់ដោយការប៉ាន់ប្រមាណដំបូងពីធនាគារពិភពលោក ហើយនិងអ្នកសេដ្ឋកិច្ច និងអ្នកជំនាញផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់ចំនួន ៦រូប។
ទិន្នន័យនោះបង្ហាញថា កំណើននៃការនាំចេញរបស់វៀតណាម ត្រូវបានជំរុញដោយការនាំចូលពីប្រទេសជិតខាងចិន ដោយលំហូរចូលពីប្រទេសចិន ស្ទើរតែដូចគ្នាបេះបិទទៅនឹងតម្លៃ និងចំនួនផ្លាស់ប្តូរនៃការនាំចេញទៅកាន់សហរដ្ឋអាមេរិក ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕