ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden មកពីគណបក្សប្រជាធិបតេយ្យ និងអតីតប្រធានាធិបតី លោក Donald Trump ជាបេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋ សម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំនេះ កាលពីថ្ងៃពុធបានព្រមព្រៀង បើកការជជែកដេញដោលយុទ្ធនាការចំនួនពីរលើក គឺនៅក្នុងខែមិថុនា និងនៅក្នុងខែកញ្ញា។
ការជជែកដេញដោល រវាងលោក Biden និង លោក Trump នឹងត្រូវរៀបចំឡើងដោយបណ្តាញទូរទស្សន៍ចំនួនពីរ គឺ CNN និង ABC ដែលរៀបចំរៀងគ្នា។ លោក Biden និយាយនៅលើបណ្តាញ Xថា លោកបានទទួល និងទទួលយកការអញ្ជើញពីបណ្តាញទូរទស្សន៍ CNN សម្រាប់ការជជែកដេញដោលនៅថ្ងៃទី២៧ ខែមិថុនា។ លោក បាននិយាយបន្ថែមថា លោកក៏បានទទួល និងទទួលយកការអញ្ជើញឱ្យចូលរួមក្នុងការជជែកដេញដោល ដែលរៀបចំដោយប្រព័ន្ធផ្សព្វផ្សាយ ABC ផងដែរ នៅថ្ងៃទី១០ ខែកញ្ញា។
លោក Biden បាននិយាយថា លោក Donald Trump បានចាញ់ការជជែកដេញដោល២លើកជាមួយលោក កាលពីឆ្នាំ២០២០។ ចាប់តាំងពីពេលនោះមក លោកTrump ពុំ បានបង្ហាញខ្លួនសម្រាប់ការជជែកដេញដោលនោះទេ ហើយនៅពេលនេះ លោកកំពុងធ្វើដូចជាចង់ជជែកដេញដោល ជាមួយលោកBiden ម្តងទៀត។
លោក Trump បានអះអាងថា លោកនឹងជជែកដេញដោលជាមួយលោក Biden តាមពេលវេលាដែលបានស្នើឡើងចំនួនពីរលើក នៅក្នុងខែមិថុនា និងខែកញ្ញា ហើយលោកនឹងផ្តល់អនុសាសន៍ ឱ្យមានការជជែកដេញដោលច្រើនជាងពីរលើក។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ CNN បានឲ្យដឹងថា ការជជែកដេញដោលនឹងធ្វើឡើងនៅក្នុងស្ទូឌីយ៉ូ ទីក្រុង Atlanta របស់បណ្តាញទូរទស្សន៍ ដោយពុំមានវត្តមានទស្សនិកជនទេ។ ប្រព័ន្ធផ្សព្វផ្សាយ ABC ក៏បានរាយការណ៍ផងដែរថា លោក Biden និង Trump បានយល់ព្រមក្នុងការជជែកពិភាក្សាគ្នាដំបូងនៅស្ទូឌីយោ ABC News ផងដែរ។