ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថ្លែងអំណរគុណដល់មហាជនទាំងក្នុង និងក្រៅប្រទេសដែលប្រកាគាំទ្រគម្រោងព្រែគជីក «ហ្វូណនតេជោ» ខណៈព្រែកជីកនេះបានផ្ដល់ផលប្រយោជន៍ដល់កម្ពុជាលើសពីជួយដល់កំណើនសេដ្ឋកិច្ច និងសង្គម ប៉ុន្ដែនឹងដើរតួនាទីសំខាន់ក្នុងការពង្រឹងឯករាជ្យភាពនយោបាយដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេសពាក់ព័ន្ធគម្រោងព្រែកជីកហ្វូណនតេជោ នៅរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការប្ដូរប្រូហ្វាល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅលើបណ្ដាញសង្គមនានា ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ គឺជាចលនាជាតិដ៏ធំធេង ក្នុងស្មារតីស្នេហាជាតិ និងដើម្បីកំណើនសេដ្ឋកិច្ច និងសង្គមកម្ពុជា។ សម្ដេចតេជោបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងព្រះសង្ឃគ្រប់អង្គដែលបានចូលរួមគាំទ្រនូវគម្រោងព្រែកជីកនេះ។
សម្ដេចតេជោ បានបញ្ជាក់ជាថ្មីថា គម្រោងព្រែកជីកហ្វូណនតេជោ គឺមិនមានក្ដីបារម្ភណាមួយចំពោះបញ្ហាបរិស្ថាន និងសង្គមនោះទេ ដូច្នេះកម្ពុជាត្រូវតែអនុវត្តគម្រោងព្រែកជីកនេះឱ្យខាងតែបាន។ សម្ដេចតេជោ ជំរុញឱ្យមហាជនមើលពីគម្រោងព្រែកជីកហ្វូណនតជោនេះ លើសពីការផ្ដល់ផលសម្រាប់សេដ្ឋកិច្ច និងសង្គមកម្ពុជា ប៉ុន្ដែតាមរយៈគម្រោងព្រែកជីកនេះនឹងផ្ដល់ឯករាជ្យភាពដល់កម្ពុជានៅលើវិស័យដឹកជញ្ជូនផ្លូវទឹក។
សូមជម្រាបថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសលើវិស័យដឹកជញ្ជូន អចលនទ្រព្យ កសិកម្ម ទេសចរណ៍ និងការវិនិយោគផ្សេងៗ ខណៈដែលគម្រោងមួយនេះ គ្រោងនឹងចំណាយទឹក ប្រាក់រហូតដល់ប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក ដោយត្រូវប្រើពេលវេលា៤ឆ្នាំ ដើម្បីសាងសង់បញ្ចប់គម្រោង៕
អត្ថបទ៖ វ៉ន ដារ៉ា



