
ក្រុមមន្ត្រីបាននិយាយថា សាលារៀនចំនួន១០កន្លែង នៅក្នុងទីក្រុង Kanpur ក្នុងរដ្ឋ អ៊ុតតា ប្រទេស(Uttar Pradesh) ភាគខាងជើងប្រទេសឥណ្ឌា បានទទួលការគម្រាមកំហែងដោយគ្រាប់បែក កាលពីថ្ងៃពុធ ដោយជំរុញឱ្យរដ្ឋបាលសាលារៀនជម្លៀសសិស្សចេញ និងទូរស័ព្ទហៅនគរបាល។
នគរបាល បានឆ្លើយតបភ្លាមៗដោយបានដាក់ពង្រាយក្រុមដោះគ្រាប់បែក នៅទីតាំងជាច្រើនកន្លែងដើម្បីឆែកឆេរនៅតាមសាលារៀន។ រហូតមកដល់ពេលនេះ ពុំមានវត្ថុសង្ស័យ ត្រូវបានរកឃើញនោះទេ ហើយនគរបាលជឿថា ការគំរាមកំហែងនេះ ជាការបោកបញ្ឆោត។ ឧបទ្ទវហេតុនៃការគំរាម បានធ្វើឡើងតាមរយៈសារអេឡិចត្រូនិក ដោយគម្រាមថាមានគ្រាប់បែកស្រដៀងៗគ្នា ជាបន្តបន្ទាប់ដែលបានដាក់គោលដៅទៅលើសាលារៀន មន្ទីរពេទ្យ និងអាកាសយានដ្ឋាន នៅក្នុងរដ្ឋធានី របស់ប្រទេសឥណ្ឌា។
សារអេឡិចត្រូនិក បានព្រមានអំពីគ្រឿងផ្ទុះ ដែលត្រូវបានគេដាក់នៅក្នុងបរិវេណដែលពាក់ព័ន្ធនានា ដោយមានបំណងបំផ្ទុះអគារ។ កាលពីថ្ងៃអង្គារ មន្ទីរពេទ្យជាច្រើនកន្លែង ក្នុងទីក្រុងដេលី បានទទួលការហៅទូរស័ព្ទគំរាមបំផ្ទុះគ្រាប់បែក ដែលក្រោយមកបានបង្ហាញថា ជាការបោកបញ្ឆោត។
កាលពីថ្ងៃអាទិត្យ អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi និងមន្ទីរពេទ្យជាច្រើនក្នុងទីក្រុង Delhi បានទទួលការគម្រាមកំហែងគ្រាប់បែកស្រដៀងគ្នានេះដែរ តាមរយៈសារអេឡិចត្រូនិក។ កាលពីដើមខែនេះ សាលារៀនជាង១០០កន្លែង នៅទីក្រុងដេលី ក៏បានទទួលសារស្រដៀងគ្នាៗ បណ្តាលឱ្យមានការភ័យខ្លាច រាលដាល។
អាជ្ញាធរកំពុងស៊ើបអង្កេតករណីនេះ ដើម្បីកំណត់ប្រភពនៃសារអេឡិចត្រូនិកគំរាមកំហែង។ លោក Harish Chander មន្ត្រីនគរបាលជាន់ខ្ពស់នៅទីក្រុង Kanpur បាននិយាយថា សារអេឡិចត្រូនិក បែបនេះត្រូវបានទទួលនៅក្នុងទីក្រុង ឌេលី ទីក្រុង លុកណូវ និងទីក្រុងណយដា ហើយនគរបាលកំពុងធ្វើការក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកប្រភពគំរាម។