
យោធាបាននិយាយថា ទាហានអ៊ីស្រាអែល ៥នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្កាហ្សា នៅក្នុងឧប្បត្តិហេតុដ៏សាហាវបំផុតមួយ ចាប់តាំងពីសង្គ្រាមនេះ បានចាប់ផ្តើម នៅក្នុងខែតុលា។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា ទាហានទាំងនោះ ត្រូវបានសម្លាប់ នៅពេលដែលពួកគេត្រូវបានវាយប្រហារច្រឡំដោយការបាញ់រថក្រោះរបស់អ៊ីស្រាអែល កាលពីថ្ងៃពុធ។
ឧប្បត្តិហេតុនេះ បានកើតឡើងនៅទីក្រុងចាបាលីយ៉ានៃតំបន់ហ្កាហ្សាភាគខាងជើង ជាទីដែលកងកម្លាំងអ៊ីស្រាអែល កំពុងប្រយុទ្ធជាមួយយុទ្ធជនហាម៉ាស។
ទាហានបានវិលចូលក្រុងវិញក្នុងសប្តាហ៍នេះ បន្ទាប់ពីដកចេញពីមុន ដោយនិយាយថា ក្រុមហាម៉ាស បានប្រមូលផ្តុំគ្នា នៅទីនោះ។
ជនស៊ីវិលរាប់ម៉ឺននាក់ បានភៀសខ្លួនចេញពីទីក្រុងចាបាលីយ៉ា ចាប់តាំងពីថ្ងៃសៅរ៍ នៅពេលដែលកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចាប់ផ្តើមប្រតិបត្តិការជាមួយនឹងការវាយប្រហារតាមអាកាស។ កងទ័ពបានចូលក្នុងក្រុងចាបាលីយ៉ាវិញ កាលពីថ្ងៃចន្ទ។
ការប្រយុទ្ធគ្នានៅទីនោះ និងទីក្រុងរ៉ាហ្វាភាគខាងត្បូង ជាកន្លែងដែលពាក់កណ្តាលនៃប្រជាជនស៊ីវិល ២,៣ លាននាក់របស់តំបន់ហ្កាហ្សា បានជ្រកកោនកាន់តែច្រើនឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។