
វិមានក្រឹមឡាំង បាននិយាយថា កិច្ចប្រជុំកំពូលដែលបានគ្រោងទុកដែលស្វីសសង្ឃឹមថា នឹងត្រួសត្រាយផ្លូវសម្រាប់ដំណើរការសន្តិភាពនៅអ៊ុយក្រែន នឹងគ្មានប្រយោជន៍ទេ បើគ្មានការចូលរួមពីប្រទេសរុស្ស៊ី។
អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់សារព័ត៌មានរុស្ស៊ី Izvestiaថា៖«បើគ្មានប្រទេសរុស្ស៊ីទេ ការពិភាក្សាអំពីបញ្ហាសន្តិសុខដែលពាក់ព័ន្ធនឹងពួកយើង គឺគ្មានប្រយោជន៍អ្វីឡើយ”។
លោក Peskov បាននិយាយថា៖«ភាគច្រើន វាជាគ្រាន់តែជាការសិក្សាទទេរ ដោយគ្មានក្តីសង្ឃឹម ក្នុងការទទួលបានលទ្ធផលជាក់ស្តែងទេ»។
រុស្ស៊ីធ្លាប់បាននិយាយថា ខ្លួនមិនឃើញមានចំណុចអ្វីសោះក្នុងសន្និសីទមួយ ដែលស្វ៊ីសគ្រោងនឹងពិភាក្សាពីរបៀបបញ្ចប់ជម្លោះអ៊ុយក្រែន និងដែលក្រុងមូស្គូ មិនត្រូវបានអញ្ជើញឲ្យចូលរួមនោះ។
ប្រទេសស្វ៊ីស បាននិយាយកាលពីថ្ងៃពុធថា ប្រទេសជាង ៥០ បានចុះហត្ថលេខាសម្រាប់កិច្ចប្រជុំកំពូលដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៥-១៦ ខែមិថុនា នៅជិតទីក្រុង Lucerne របស់ប្រទេសស្វ៊ីស។
ប្រទេសនេះ នៅតែព្យាយាមបញ្ចុះបញ្ចូលប្រទេសជាច្រើនទៀតមកពីអ្វីដែលហៅថា តំបន់អភិវឌ្ឍន៍សកលខាងត្បូង (Global South) ក៏ដូចជាប្រទេសចិនឲ្យចុះឈ្មោះចូលរួមផងដែរ។