ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជំរុញដល់រាជរដ្ឋាភិបាល ពន្លឿនការបើកការដ្ឋានក្នុងការស្ថាបនា ព្រែកជីក ហ្វូណនតេជោ ខណៈបច្ចុប្បន្នកម្ពុជា បានជូនដំណឹងទៅដល់ភាគីពាក់ព័ន្ធ ក៏ដូចជាគណៈកម្មការទន្លេមេគង្គ ដូច្នេះមិនមានអ្វីរងចាំចំពោះការចាប់ផ្ដើមស្ថាបនាព្រែកជីកនេះទៀតទេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេសពាក់ព័ន្ធគម្រោងព្រែកជីកហ្វូណនតេជោ នៅរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះនឹងចូលរួមផ្ដល់ផលចំណេញលើចម្ងាយផ្លូវប្រវែង ១៦៩ គីឡូម៉ែត្រ ក្នុងការដឹកជញ្ជូនទំនិញ និងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ដែលផ្ដល់ភាពងាយស្រួលលើការដឹកញ្ជូនរបស់កម្ពុជា។ សម្ដេចបញ្ជាក់ថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ ក៏នឹងផ្ដល់ប្រព័ន្ធស្រោចស្របដល់បណ្ដាខេត្ត ទិសនីរតីនៃប្រទេសកម្ពុជា។ ព្រែកជីកនេះ អាចទាញទឹកឱ្យប្រជាជនសម្រាប់បង្កបង្កើនផល និងប្រើប្រាស់ ដូច្នេះពលរដ្ឋនឹងបង្កើតបាននូវមុខរបរដូចជាការធ្វើកសិកម្មពីធ្វើមួយលើក ទៅធ្វើពីរលើក ឬលើសពីនេះ។
សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ថា ផ្ដល់មតិទៅរាជរដ្ឋាភិបាលថា កុំយប់យន់សុបិនច្រើន បើកការដ្ឋានបានឆាប់គឺធ្វើទៅ កុំរងចាំអ្វីទៀត នាំតែមានសាធារណមតិ ពីមួយថ្ងៃទៅមួយថ្ងៃ ចាប់ផ្ដើមកើនសារជាថ្មី។ សម្ដេចជំរុញបើកការដ្ឋានឱ្យបានឆាប់ គ្មានត្រូវរង់ចាំអ្វីតទៅទៀតនោះទេ គឺត្រូវគិតទៅដល់សេដ្ឋកិច្ច និងឯករាជ្យជាតិរបស់កម្ពុជាលើការស្ថាបនាព្រែកជីកនេះ។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅក្នុងព្រែកជីក១៨០គីឡូម៉ែត្រ គឺមាន៨០គីឡូម៉ែត្រហើយ ដែលសម្ដេចបានដឹកនាំធ្វើ។ សម្ដេចតេជោ បានបន្ដថា ព្រែកជីកដែល សម្ដេចបានធ្វើត្រឹមតែ៨០គីឡូម៉ែត្រនេះ បច្ចុប្បន្នប្រើប្រាស់ជាប្រព័ន្ធស្រោចស្រពផង ហើយជាប្រព័ន្ធដឹកជញ្ជូនផង ដូច្នេះគ្រាន់តែត្រូវការពង្រីកតែប៉ុណ្ណោះ ព្រែកជីកនេះនឹងក្លាយទៅជាប្រព័ន្ធដឹកជញ្ជូនដ៏ល្អ ដូច្នេះនៅកន្លែងដទៃទៀតគឺធ្វើតែបន្ដិច ដើម្បីទម្លាយមកកាន់ការតភ្ជាប់ជាមួយនឹងទន្លេ ប៉ុន្ដែភាគច្រើននៃព្រែកជីកនេះ គឺមានស្នាមដានរួចទៅហើយ។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង១៨០គីឡូម៉ែត្រ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ពីក្រុមអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិចំនួន៤២រូប ទាំងនៅលើដីផ្ទាល់ និងប្រើឧបករណ៍សិក្សាពីលើអាកាស។ ជាលទ្ធផលនៃការសិក្សាបង្ហាញថា គម្រោងដែលមានតម្លៃវិនិយោគប្រមាណ១ពាន់៧រយលានដុល្លារអាម៉េរិកនេះ អាចដំណើរការទៅបានដោយគ្មានបង្កជាផលប៉ះពាល់ដល់បរិស្ថាន ឬលំហូរទឹករវាងទន្លេមេគង្គ និងសមុទ្រនោះទេ៕
អត្ថបទ៖ វ៉ន ដារ៉ា



