ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់សាជាថ្មីថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្ដួចផ្ដើមទាំងស្រុងកើតចេញពីកម្ពុជាសុទ្ធសាធ។សម្ដេចតេជោជំទាស់យ៉ាងដាច់ណាត់ចំពោះក្រុមប្រឆាំងជ្រុលនិយមមួយចំនួនដែលបានលើកឡើងថា គម្រោងព្រែកជីកនេះ ជាគំនិតផ្គួចផ្ដើមរបស់ចិន និងធ្វើឡើងដើម្បីគាំទ្រចិន ដែលការលើកឡើងបែបនេះគ្រាន់តែជាឈ្នាន់ភូមិនយោបាយរបស់ក្រុមបរទេសមួយចំនួនប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេសពាក់ព័ន្ធគម្រោងព្រែកជីកហ្វូណនតេជោ នៅរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន សម្ដែងការសោកស្ដាយចំពោះក្រុមអ្នកវិភាគប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលនៅតែបន្តយករឿងព្រែកជីកហ្វូណននេះ មកភ្ជាប់នូវបញ្ហានយោបាយតំបន់ដើម្បីតែប្រឆាំងជាមួយប្រទេសចិន។ សម្ដេចតេជោសម្ដែងការសោកស្ដាយដែលក្រុមប្រឆាំងទាំងនោះក្នុងនាមជាបញ្ញវន្ត ប៉ុន្ដែវិភាយករឿងដែលជាសមិទ្ធផលសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ មកធ្វើជាឈ្នាន់នយោបាយរបស់ពួកគេទៅវិញ។
សម្តេចតេជោ ស្នើអ្នកនយោបាយឱ្យបញ្ឈប់ការយកកម្ពុជាធ្វើជាក្របខ័ណ្ឌភូមិសាស្រ្តនយោបាយ ដើម្បីប្រឆាំងចិនតទៅទៀតទៅ តាមរយៈការផ្សារភ្ជាប់ព្រែកជីកហ្វូណនតេជោនេះទៅនឹងកង្វល់សន្តិសុខរបស់វៀតណាម ស្របពេលដែលកម្ពុជា-វៀតណាមកំពុងតែមានទំនាក់ទំនងល្អ និងក្នុងពេលដែលវៀតណាម-ចិន កំពុងតែមានទំនាក់ទំនងល្អផងដែរ។
ក្នុងឱកាសនោះសម្ដេចតេជោបានរំលឹកថា មានអ្នកនយោបាយខ្លះបានចោទប្រកាន់ថា នៅពេលព្រែកជីកនេះត្រូវបានជីករួចរាល់ នោះនឹងក្លាយជាព្រំដែនថ្មីរវាងកម្ពុជា-វៀតណាម។ សម្ដេចបានចោទជាសំណួរថា បើដូច្នោះមែន តើចាំបាច់អីដែលវៀតណាមត្រូវចេញមុខមកជំទាស់នឹងគ្រោងការនេះ? ទន្ទឹមនេះ ដោយឆ្លើយទៅនឹងសំណួរដែលអ្នកនយោបាយល្ងង់ខ្លៅម្នាក់នោះបានសួរថា ហេតុអ្វីមិនជីកកាលពីពេលកន្លងទៅ ហេតុអ្វីដែលមកធ្វើនៅពេលនេះ សម្ដេចតេជោបានលើកឡើងថា កាលពីពេលមុនកម្ពុជាក្រណាស់ រកតែបាយហូបមិនបានផង។ នៅឆ្នាំ២០០២ កម្ពុជានៅទទួលជំនួយអង្ករពីឥណ្ឌានៅឡើយទេ ខណៈពេលដែលបច្ចុប្បន្ននេះកម្ពុជាមានអតិរេកស្រូវចំនួន៦លានតោនក្នុងមួយឆ្នាំៗ៕
អត្ថបទ៖វ៉ន ដារ៉ា


