
អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan នាថ្ងៃព្រហស្បតិ៍ (ទី១៦ ខែឧសភា) នេះ បានបង្ហាញខ្លួននៅតុលាការកំពូលតាមរយៈវីដេអូអនឡាញពីពន្ធនាគារ ពាក់ព័ន្ធនឹងករណីដែលលោកបានប្តឹងប្រឆាំងនឹងការធ្វើវិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយរបស់ប្រទេសប៉ាគីស្ថាន។
ការបង្ហាញមុខតាមវីដេអូរបស់លោក ត្រូវបានគេរំពឹងថា នឹងផ្សាយបន្តផ្ទាល់នៅលើគេហទំព័ររបស់តុលាការ និងប៉ុស្តិ៍ YouTube ដែលធ្វើឲ្យវាក្លាយជាការមើលឃើញជាសាធារណៈលើកដំបូង ចំពោះមេដឹកនាំជាប់ពន្ធនាគារ គិតចាប់តាំងពីមានការចាប់ខ្លួនលោក ក្នុងខែសីហា ឆ្នាំ២០២៣។ ប៉ុន្តែនៅពេលដែលដំណើរការបានចាប់ផ្តើម គេមិនអាចមើលឃើញរូបភាពនៅលើគេហទំព័របានទេ។
ភ្លាមៗ គេមិនដឹងទេថា ហេតុអ្វីបានជារូបភាពមិនអាចត្រូវបានមើលឃើញ នៅលើគេហទំព័រ ឬប៉ុស្តិ៍ YouTube។ អ្នកគាំទ្ររាប់ពាន់នាក់របស់លោក Khan កំពុងរង់ចាំមើលដំណើរការនេះ នៅលើប៉ុស្តិ៍ YouTube នៃគណបក្ស Pakistan Tehreek-e-Insaf (PTI) របស់លោក ដែលគេរំពឹងថា រូបភាពពីតុលាការ នឹងត្រូវបានផ្សាយ។
គិតចាប់តាំងពីត្រូវបានចាប់ដាក់ពន្ធនាគារ លោក Khan ដែលជាអ្នកនយោបាយក្លាយខ្លួនពីកីឡាករគ្រិកឃីតវ័យ ៧១ឆ្នាំ បានបង្ហាញខ្លួននៅក្នុងតុលាការជាច្រើនដង ប៉ុន្តែកាមេរ៉ាមិនត្រូវបានអនុញ្ញាតឲ្យថតយកដំណើរការ ដែលជាធម្មតាធ្វើឡើងនៅក្នុងបរិវេណពន្ធនាគារនោះទេ។
គួរបញ្ជាក់ថា ខណៈពេលដែលលោក Khan កំពុងតស៊ូនឹងរឿងក្ដីរាប់សិប ដែលបានចុះបញ្ជីប្រឆាំងនឹងរូបលោក ការបង្ហាញខ្លួននៅថ្ងៃទី១៦ ខែឧសភានេះ គឺពាក់ព័ន្ធនឹងករណីដែលលោកបានប្តឹងប្រឆាំងនឹងការធ្វើវិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយរបស់ប្រទេសប៉ាគីស្ថាន៕