
នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ បាននិយាយថា ប្រព័ន្ធការពារដែនអាកាស Arrow របស់អ៊ីស្រាអែល បានជួយរារាំងការវាយប្រហារដោយមីស៊ីល និងយានដ្រូនដ៏ធំរបស់អ៊ីរ៉ង់កាលពីខែមុន ហើយប្រទេសមួយចំនួនឥឡូវនេះ ចាប់អារម្មណ៍ក្នុងការទិញបច្ចេកវិទ្យានេះ។
ការវាយប្រហារនៅពេលយប់របស់អ៊ីរ៉ង់នៅចន្លោះថ្ងៃទី ១៣ និង ១៤ ខែមេសា ដែលវាយបកដោយខែលការពារពហុកម្រិតរបស់អ៊ីស្រាអែល ដោយមានជំនួយពីសម្ព័ន្ធមិត្ត រួមមានមីស៊ីលបាលិស្ទិកជាង ១០០ គ្រាប់។
យោងទៅតាមកងកម្លាំងអាកាសរបស់អ៊ីស្រាអែល ប្រព័ន្ធការពារដែនអាកាស Arrow បានអនុវត្តផ្នែកសំខាន់ ក្នុងការស្ទាក់ចាប់របស់ពួកគេ។
លោក Boaz Levy នាយកប្រតិបត្តិនៃក្រុមហ៊ុន Israel Aerospace Industries (IAI) ដែលជាអ្នកម៉ៅការសំខាន់របស់គម្រោង បាននិយាយថា ជោគជ័យនោះភ្លាមៗ បានធ្វើឲ្យមានការចាប់អារម្មណ៍ជា សកល។
សហរដ្ឋអាមេរិក គឺជាដៃគូនៅក្នុងគម្រោង Arrow ហើយក្រុមហ៊ុន Boeing ចូលរួមក្នុងការផលិតរបស់ ខ្លួន។
លោក Levy បានប្រាប់សារព័ត៌មានរ៉យទ័រថា៖«ប្រទេសមួយចំនួន បានមករកយើង ដើម្បីសួរព័ត៌មាន»។ «ខ្ញុំមានសុទិដ្ឋិនិយមខ្លាំងណាស់ដែលថា នឹងមានកិច្ចព្រមព្រៀងបន្ថែមទៀតសម្រាប់ប្រព័ន្ធការពារដែនអាកាស Arrow ជាពិសេស បន្ទាប់ពីការបង្ហាញដ៏ពិសេស ដែលយើងបានធ្វើរួចហើយនោះ»។