
អ្នកគាំទ្រការប្រើប្រាស់កញ្ឆាថៃរាប់សិបនាក់ នៅថ្ងៃព្រហស្បតិ៍ (ទី១៦ ខែឧសភា) នេះ បានជំរុញឲ្យរដ្ឋាភិបាលបោះបង់ចោលនូវផែនការរបស់ខ្លួន ក្នុងការចុះបញ្ជីកញ្ឆាឡើងវិញថា ជាគ្រឿងញៀនខុសច្បាប់ ពោលគឺមានរយៈពេលមួយសប្តាហ៍ក្រោយរដ្ឋាភិបាលបានប្រកាសពីគោលនយោបាយដ៏សំខាន់របស់ខ្លួន ដោយត្រូវបានធ្វើឡើងត្រឹមតែ ២ឆ្នាំបន្ទាប់ពីបានលុបចោលពីបទល្មើសព្រហ្មទណ្ឌ សម្រាប់ការប្រើប្រាស់រុក្ខជាតិនេះ។
នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin (សេដ្ឋា ថាវីស៊ីន) បានជំរុញឲ្យមានការអនុញ្ញាតការប្រើប្រាស់កញ្ឆានេះ សម្រាប់តែគោលបំណងវេជ្ជសាស្រ្តប៉ុណ្ណោះ ដោយសន្យាប្រកាន់ជំហរយ៉ាងតឹងរ៉ឹង ជុំវិញគ្រឿងញៀនខុសច្បាប់ ដែលលោកថា បានបង្កឲ្យមានការញៀន និងបំផ្លាញអនាគតរបស់យុវជន។
តែនៅថ្ងៃព្រហស្បតិ៍នេះ ក្រុមដែលគាំទ្រការប្រើប្រាស់កញ្ឆា បានជួបជាមួយរដ្ឋមន្ត្រីសុខាភិបាល ហើយបានជំរុញឲ្យលោកពិចារណាឡើងវិញ ដើម្បីផ្លាស់ប្តូរគោលនយោបាយនេះ។
លោក Prasitchai Nunual អគ្គលេខាធិការនៃបណ្តាញអនាគតកញ្ឆារបស់ថៃ បាននិយាយថា៖ «សូមកុំណែនាំរុក្ខជាតិរបស់មនុស្សចូលទៅក្នុងប្រព័ន្ធ សូម្បីតែសម្រាប់គោលបំណងវេជ្ជសាស្រ្តក្ដី។ យើងបានប្រើរូបមន្តនេះរាប់រយឆ្នាំមកហើយ។ វានឹងកើតមានអំពើពុករលួយ នៅពេលអ្នកត្រូវការអាជ្ញាប័ណ្ណ»។
សូមបញ្ជាក់ថា ប្រទេសថៃបានចាត់ទុកកញ្ឆាស្របច្បាប់ជាលើកដំបូង សម្រាប់ការស្រាវជ្រាវ និងការប្រើប្រាស់ផ្នែកវេជ្ជសាស្រ្ត ក្នុងឆ្នាំ២០១៨ ហើយកាលពី ២ឆ្នាំមុនបានដករុក្ខជាតិនេះចេញពីបញ្ជីគ្រឿងញៀនរបស់ជាតិ ដោយអនុញ្ញាតឲ្យមនុស្សដាំដុះ លក់ និងប្រើប្រាស់កញ្ឆាជាលក្ខណៈកម្សាន្តបាន៕