
ឧត្តមសេនីយ៍ជាន់ខ្ពស់មួយរូបមកពីកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានព្រមានថា ចក្រភពអង់គ្លេសនឹងរងផលវិបាកធ្ងន់ធ្ងរសម្រាប់ការជួយការពារអ៊ីស្រាអែលពីមីស៊ីល និងយានដ្រូនអត្តឃាតរបស់អ៊ីរ៉ង់។
លោកឧត្តមសេនីយ៍ត្រី Esmail Qaani ដែលជាមេបញ្ជាការកងកម្លាំងសម្រាំង Quds របស់កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC)ទទួលបន្ទុកប្រតិបត្តិការសម្ងាត់ នៅទូទាំងមជ្ឈឹមបូព៌ា បាននិយាយថា៖«ឧក្រិដ្ឋជនទាំងអស់ ត្រូវតែយល់ថា សកម្មភាព និងឧក្រិដ្ឋកម្មរបស់ពួកគេ ត្រូវបានកត់ត្រាទុកយ៉ាងច្បាស់»។
លោកបានបន្ថែមថា៖«ប្រទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេស មិនគួរគិតថា ពួកគេបានបញ្ជូនយន្តហោះរបស់ពួកគេមក នៅយប់នោះ ហើយបញ្ហា ត្រូវបានដោះស្រាយ និងត្រូវបញ្ចប់រួចហើយនោះ ដោយសំដៅទៅលើការវាយប្រហារថ្ងៃទី១៣ ខែមេសារបស់អ៊ីរ៉ង់លើអ៊ីស្រាអែល។
លោកឧត្តមសេនីយ៍ Qaani បានព្រមានថា៖«ខណៈពេលដែលយប់នោះ បានកន្លងផុតទៅ គណនីរបស់ពួកគេ នៅតែមានដដែល ដោយប្រើប្រាស់ភាសាពែក្ស (Persian) ដែលបង្កប់ន័យថា ការដាក់ទណ្ឌកម្ម នឹងកើតមានឡើង។
នេះ គឺជាលើកទី១ហើយ ដែលមន្ត្រីមកពីសាធារណរដ្ឋឥស្លាម បានគំរាមកំហែងដោយផ្ទាល់ដល់ចក្រភពអង់គ្លេស និងប្រទេសលោកខាងលិចផ្សេងទៀត ចាប់តាំងពីមានការកើនឡើងនៃភាពតានតឹងនាពេលថ្មីៗនេះ នៅមជ្ឈិមបូព៌ា។
កាលពីថ្ងៃទី១៣ ខែមេសា អ៊ីរ៉ង់ បានវាយប្រហារដោយយានដ្រូនអត្តឃាតប្រហែល៣០០គ្រឿង និង មីស៊ីលទៅកាន់អ៊ីស្រាអែល ដោយពួកវាស្ទើរតែទាំងអស់ ត្រូវបានបាញ់ទម្លាក់ដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអ៊ីស្រាអែល។