
ប្រធានាធិបតីស្លូវ៉ាគី លោកស្រី Zuzana Caputova នៅថ្ងៃព្រហស្បតិ៍ (១៦ ឧសភា) បានប្រាប់ថា លោកស្រីនឹងអញ្ជើញមេដឹកនាំគណបក្សទាំងងស់ក្នុងជួររដ្ឋាភិបាល ដើម្បីធ្វើកិច្ចប្រជុំរួមគ្នាមួយ ខណៈដែលលោកស្រីបានអំពាវនាវសុំឲ្យមានភាពស្ងប់ស្ងាត់ ចំពោះភាពតានតឹងនយោបាយ នៅក្នុងសង្គម បន្ទាប់ពីមានការប៉ុនប៉ងធ្វើឃាតលើនាយករដ្ឋមន្ត្រីលោក Robert Fico។
រួមជាមួយប្រធានាធិបតីជាប់ឆ្នោតលោក Peter Pellegrini លោកស្រី Caputova បានពណ៌នាការប៉ុនប៉ងធ្វើឃាតលើលោក Fico ថា ជា «សោកនាដកម្មរបស់មនុស្សជាតិ» ហើយបានអំពាវនាវឲ្យមានឯកភាពជាតិ។
ចំណែកលោក Pellegrini បានជំរុញឲ្យបេក្ខជនសភាសហភាពអឺរ៉ុបបញ្ឈប់ ឬបន្ថយយុទ្ធនាការរបស់ពួកគេ ដោយបញ្ជាក់ថា «ការប្រឈមមុខដាក់គ្នាបន្ថែមទៀត គឺជារឿងចុងក្រោយដែលស្លូវ៉ាគីត្រូវជួប នាពេលនេះ»។
នៅថ្ងៃព្រហស្បតិ៍ មន្ត្រីមន្ទីរពេទ្យបានឲ្យដឹងថា នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico ស្ថិតក្នុងស្ថានភាព «ធ្ងន់ធ្ងរ» ប៉ុន្តែមានស្ថេរភាព បន្ទាប់ពីរូបលោកត្រូវបានគេបាញ់ចំនួន ៥គ្រាប់ ក្នុងការប៉ុនប៉ងធ្វើឃាតដែលបានធ្វើឲ្យមានការបែកបាក់ផ្នែកនយោបាយយ៉ាងខ្លាំងក្លា នៅក្នុងប្រទេស៕