
អំឡុងសន្និសីទសារព័ត៌មាន នៅទីក្រុងប៉េកាំង នាថ្ងៃព្រហស្បតិ៍ (ទី១៦ ខែឧសភា) អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា ប្រទេសចិនសង្ឃឹមថា ប្រទេសមួយចំនួននឹងបង្ហាញភាពក្លាហានផ្នែកនយោបាយ ហើយធ្វើតាមការអំពាវនាវអន្តរជាតិ ដើម្បីគាំទ្រដំណោះស្រាយរដ្ឋ២ ចំពោះបញ្ហាប៉ាឡេស្ទីន-អ៊ីស្រាអែល។
គួបញ្ជាក់ថា មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមក បានអនុម័តសេចក្ដីសម្រេចគាំទ្រការស្នើសុំរបស់ប៉ាឡេស្ទីន ដើម្បីបានក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ (UN) ដោយទទួលស្គាល់ថា ដែនដីនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចូលរួមជាមួយស្ថាប័នបាន និងផ្តល់អនុសាសន៍ថា ក្រុមប្រឹក្សាសន្តិសុខ «ពិចារណាឡើងវិញនូវបញ្ហាដោយអនុគ្រោះ»។
សេចក្ដីសម្រេចនេះត្រូវបានអនុម័តដោយមានសំឡេងគាំទ្រ ១៤៣សំឡេង និងប្រឆាំង ៩សំឡេង ក្នុងនោះរួមទាំងសំឡេងរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលផងដែរ ខណៈដែលប្រទេសចំនួន ២៥ បានបោះឆ្នោតអនុបវាទ។ សម្រាប់ចិន ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់ពិភពលោកមួយនេះ បានបោះឆ្នោតគាំទ្រសេចក្ដីសម្រេចនេះ។
ជាការឆ្លើយតបនឹងការប្រឆាំងរបស់រដ្ឋាភិបាលអ៊ីស្រាអែល លោក Wang បាននិយាយថា ភាគច្រើនលើសលប់នៃប្រទេសជាសមាជិករបស់ UN ជាមួយនឹងសំឡេងឆ្នោតរបស់ពួកគេ បានផ្តល់ការធានាដល់ប៉ាឡេស្ទីននូវសិទ្ធិថ្មី ក្នុងការចូលរួមក្នុងសកម្មភាពរបស់ UN ដែលឆ្លុះបញ្ចាំងពីការអំពាវនាវរបស់សហគមន៍អន្តរជាតិ។
លោក Wang បានបញ្ជាក់ថា៖ «ប្រទេសចិនគាំទ្រ UN ក្នុងការរៀបចំកិច្ចការពាក់ព័ន្ធនានា ស្របតាមសេចក្ដីសម្រេច និងគាំទ្រការពិចារណាឡើងវិញរបស់ក្រុមប្រឹក្សាសន្តិសុខអំពីសមាជិកភាពរបស់ប៉ាឡេស្ទីននៅក្នុង UN តាមការស្នើសុំដោយសេចក្ដីសម្រេចរបស់មហាសន្និបាត។ យើងសង្ឃឹមថា ប្រទេសមួយចំនួននឹងបង្ហាញភាពក្លាហានខាងនយោបាយ ឆ្លើយតបទៅនឹងការអំពាវនាវអន្តរជាតិ ធ្វើសកម្មភាពក្នុងផលប្រយោជន៍ជាមូលដ្ឋាន និងយូរអង្វែងរបស់ប្រជាជនខ្លួន និងប្រជាជនក្នុងតំបន់ និងធ្វើការជ្រើសរើសត្រឹមត្រូវ ដើម្បីគាំទ្រដំណោះស្រាយរដ្ឋ២»៕