ការបែកបាក់រដ្ឋាភិបាលអ៊ីស្រាអែលជុំវិញសង្រ្គាមនៅក្នុងដែនដីហ្កាហ្សាបានផ្ទុះឡើងក្នុងសប្តាហ៍នេះ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ បានទាមទារជាសាធារណៈឲ្យលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បញ្ជាក់ពីយុទ្ធសាស្រ្តរបស់លោកឲ្យបានច្បាស់លាស់ ខណៈកងទ័ពបានវិលត្រឡប់ទៅប្រយុទ្ធជាមួយក្រុមយុទ្ធជនហាម៉ាសនៅក្នុងតំបន់នានា ដែលគិតថាត្រូវបានបោសសម្អាតជាច្រើនខែមុនរួចមកហើយ។

ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ យ៉ាវ ហ្គាឡិន (Yoav Gallant) ដែលបាននិយាយថា លោកនឹងមិនយល់ស្របក្នុងការបង្កើតរដ្ឋាភិបាលយោធានៅក្នុងតំបន់ដែលខ្លួនបានឡោមព័ទ្ធ ឆ្លុះបញ្ចាំងពីភាពមិនសុខចិត្តកាន់តែខ្លាំងឡើងនៅក្នុងស្ថាប័នសន្តិសុខ ដោយខ្វះការណែនាំពីលោក Netanyahu លើអ្នកដែលនឹងត្រូវចាកចេញទៅគ្រប់គ្រងដែនដីហ្កាហ្សា នៅពេលឈប់ប្រយុទ្ធ។
ការមិនចុះសម្រុងគ្នាទាំងនោះ ក៏បាននាំមកនូវការបែកបាក់គ្នាយ៉ាងខ្លាំងរវាងអតីតឧត្តមសេនីយកងទ័ពមកពីគណក្រុមអ្នកនិយមកណ្តាលទាំងពីរនៅក្នុងគណៈរដ្ឋមន្ត្រីគឺ លោក បេនីហ្កាន់ស៍ (Benny Gantz) និងលោក ហ្កាឌី អ៊ីសិនកុត (Gadi Eisenkot) ដែលលោកទាំងពីរបានគាំទ្រការអំពាវនាវរបស់ លោក Gallant និងបណ្ដាគណបក្សជាតិសាសនាស្ដាំនិយមប្រកាន់តឹង ដែលដឹកនាំដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក បេហ្សា ឡេល ស្មូទ្រីច (Bezalel Smotrich) និងរដ្ឋមន្ត្រីសន្តិសុខផ្ទៃក្នុង លោក អ៊ីតាម៉ា បេន គ្វើ (Itamar Ben-Gvir) ដែលបានថ្កោលទោសការអត្ថាធិប្បាយទាំងនោះ។

កាសែតស្តាំនិយម អ៊ីស្រាអ៊ែល Today បានដាក់ចំណងជើងការចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍របស់ខ្លួននៅពីលើរូបថតរបស់ លោក Netanyahu និងលោក Gallant ដែលកំពុងប្រឈម ទិសដៅផ្ទុយគ្នា ថា នោះមិនមែនជាវិធីដើម្បីដំណើរការសង្រ្គាមទេ។
ក្រៅតែពីការប្ដេជ្ញាជាបន្តបន្ទាប់ក្នុងការបោសសម្អាតក្រុមសកម្មប្រយុទ្ធហាម៉ាស និងរំដោះចំណាប់ខ្មាំងប្រហែល ១៣០ នាក់ដែលនៅតែត្រូវបានឃុំខ្លួនក្នុងកណ្ដាប់ដៃចលនាអ៊ីស្លាមមួយនេះ លោក Netanyahu ពុំបានបង្ហាញពីគោលដៅយុទ្ធសាស្រ្តច្បាស់លាស់ណាមួយសម្រាប់ការបញ្ចប់យុទ្ធនាការ ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនប្រហែល ៣៥.០០០នាក់ និងទុកឱ្យអ៊ីស្រាអែលកាន់តែឯកោជាអន្តរជាតិ នោះទេ ៕