លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និង លោកប្រធានាធិបតីចិន Xi Jinping បានចេញសេចក្តីថ្លែងការណ៍មួយឃ្លាអំពីសង្គ្រាមនុយក្លេអ៊ែរ ដែលជាផ្នែកមួយនៃភាពជាដៃគូយុទ្ធសាស្ត្រ យុគសម័យថ្មីរបស់មេដឹកនាំមហាអំណាច ពិភពលោកទាំង២។

លោកPutinនិងលោក Xi បានប្រកាសផែនការពង្រឹងភាពជាដៃគូរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ទី១៦ឧសភា សប្ដាហ៍នេះ ដោយបានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ពីជំហររបស់លោកទាំង២ លើបញ្ហាមួយចំនួនដែលពិភពលោកកំពុងប្រឈម រាប់ចាប់ពីបញ្ហាអំពីសេដ្ឋកិច្ច រហូតដល់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ចិន និងរុស្ស៊ី បានពង្រឹងទំនាក់ទំនងជាលំដាប់ ខណៈប្រទេសទាំងពីរតែងមានជម្លោះជាមួយលោកខាងលិច។

ចិន និង រុស្ស៊ី បានបង្ហាញជំហររបស់ខ្លួនលើសង្រ្គាមនុយក្លេអ៊ែរក្នុងសេចក្ដីថ្លែងការណ៍រួម កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ខណៈក្រុមអ្នកវិភាគ និងមន្ត្រីបានបង្កើនក្ដីបារម្ភថាជម្លោះក្នុងតំបន់ទាំងនេះអាចនាំឲ្យផ្ទុះសង្រ្គាមនុយក្លេអ៊ែរជាមួយអាមេរិក ។
លោក Putin បានព្រមានកាលពីខែមីនាថា ឱកាសនៃការផ្ទុះសង្រ្គាមនុយក្លេអ៊ែរអាចមានច្រើន បើលោកខាងលិចបញ្ជូនទាហានទៅអ៊ុយក្រែន ដែលរុស្ស៊ី ចាត់ទុកជាយូរមកហើយថាជាបន្ទាត់ក្រហមរបស់រុស្ស៊ី ដែល សម្ព័ន្ធមិត្តអ៊ុយក្រែនមិនត្រូវឆ្លងដើរឆ្លងជាដាច់ខាត។

សហរដ្ឋអាមេរិកបានមើលឃើញថាទំនាក់ទំនងដែលជាប់គាំងជាយូរមកហើយរបស់ខ្លួន ជាមួយប្រទេសទាំងពីរកាន់តែតានតឹងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុងវ៉ាស៊ីនតោន បានក្លាយជាអ្នកគាំទ្រអ៊ុយក្រែនដ៏ម៉ឺងម៉ាត់បំផុត បន្ទាប់ពីលោក Putin បានបញ្ជាឱ្យចូលលុកលុយប្រទេសអឺរ៉ុបខាងកើតមួយនេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ ២០២២ ដោយផ្តល់ជំនួយរាប់ពាន់លានដុល្លារដើម្បីជួយក្រុងគីវការពារខ្លួន។
ទន្ទឹមនឹងនេះ ទំនាក់ទំនងជាមួយចិន នៅតែតានតឹងក្នុងចំណោមកង្វល់ផ្សេងទៀត ពិសេសគឺ កោះតៃវ៉ាន់។បញ្ហាការទាមទារឯករាជ្យរបស់តៃវ៉ាន់ គឺជាចំណុចដ៏ក្ដៅកគុកមួយរវាងអាមេរិក និងចិន។គោលនយោបាយ "ចិនតែមួយ" របស់ទីក្រុងប៉េកាំង កំណត់ថា កោះតៃវ៉ាន់ ដែលជាកោះមួយនៅជាប់ឆ្នេរសមុទ្ររបស់ចិន គឺជាផ្នែករបស់ចិន។ យ៉ាងណាក៏ដោយ មេដឹកនាំកោះតៃវ៉ាន់ ចាត់ទុកកោះនេះជាប្រទេសរបស់ខ្លួន។ ខណៈអាមេរិក មិនទទួលស្គាល់ជាផ្លូវការនូវឯករាជ្យភាពរបស់កោះនេះ ខ្លួនបានសន្យាការពារកោះស្វ័យគ្រប់គ្រងមួយនេះប្រឆាំងការក្រសោបយក របស់ចិន៕