សហរដ្ឋអាមេរិក បានបោះយុថ្កាលើកំពង់ផែបណ្តែតទឹក នៅតំបន់ហ្កាហ្សាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជំរុញការដឹកជញ្ជូនជំនួយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន កំពុងប្រឈមមុខទៅនឹងបញ្ហាដូចគ្នា ជាអ្វីដែលបានរំខានឥតឈប់ឈរដល់អង្គការសហប្រជាជាតិ និងក្រុមផ្តល់ជំនួយជាច្រើនខែមកនេះ នៅពេលនិយាយអំពីការចែកចាយជំនួយដល់មនុស្សរាប់លាននាក់ដែលត្រូវការ ក្នុងពេលសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។ ទាំងនេះ រួមមានកង្វះប្រេងឥន្ធនៈ និងការធ្វើការនៅក្នុងតំបន់ជម្លោះ។

អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននៅតែបំពេញផែនការប្រតិបត្តិការរបស់ខ្លួន ដើម្បីដោះស្រាយការចែកចាយជំនួយ។ សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រថយន្តដឹកជំនួយត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមធ្វើដំណើរទៅឆ្នេរសមុទ្រនៅប៉ុន្មានថ្ងៃខាងមុខនេះ នៅពេលប្រកាសអំពីការបោះយុថ្កានៅកំពង់ផែបណ្តោះអាសន្ន។ ប៉ុន្តែអង្គការសហប្រជាជាតិ និងទីភ្នាក់ងារមនុស្សធម៌ បាននិយាយថា នៅតែមានបញ្ហាប្រឈមដែលត្រូវដោះស្រាយ។

ប្រធានាធិបតី លោក Joe Biden បានប្រកាសពីកំពង់ផែនេះ កាលពីខែមីនា ខណៈអង្គការសហប្រជាជាតិ បានស្នើសុំឲ្យអ៊ីស្រាអែលធ្វើឲ្យប្រសើរចំពោះដំណើរការចូលនៃការផ្គត់ផ្គង់ជំនួយទៅកាន់តំបន់ហ្កាហ្សាតាមផ្លូវគោក។ តាមរយៈការបើកផ្លូវមួយដើម្បីដឹកជញ្ជូនជំនួយ តាមសមុទ្រ សហរដ្ឋអាមេរិកសង្ឃឹមថានឹងអាចទប់ស្កាត់វិបត្តិមនុស្សធម៌ ដែលបានធ្វើឱ្យមនុស្សរាប់សែននាក់ប្រឈមហានិភ័យគ្រោះទុរ្ភិក្ស។ អាកាសធាតុមិនអំណោយផល បានពន្យារពេលការសាងសង់កំពង់ផែ ដែលត្រូវបានគេប៉ាន់ប្រមាណថាចំណាយថវិកា៣២០លានដុល្លារ ហើយមានការចូលរួមពីទាហានអាមេរិកចំនួន១.០០០នាក់ ។
អ្នកនាំពាក្យរងអង្គការសហប្រជាជាតិ លោក Farhan Haq បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ដើម្បីទប់ស្កាត់គ្រោះទុរ្ភិក្ស យើងត្រូវប្រើផ្លូវលឿនបំផុត និងច្បាស់បំផុត ដើម្បីបានទៅដល់ប្រជាជននៅតំបន់ហ្កាហ្សា ហើយយើងត្រូវចូលទៅទីនោះតាមដីគោកនៅពេលនេះ ។ ការនាំយកជំនួយទៅដល់ប្រជាជនដែលត្រូវការ នៅទូទាំងតំបន់ហ្កាហ្សា មិនអាច និងមិនគួរពឹងផ្អែកតែលើផែបណ្តែតទឹក ដែលនៅឆ្ងាយពីកន្លែងដែលតម្រូវការខ្លាំងបំផុតនោះទេ។