សភាតំណាងរាស្រ្តអាមេរិក ដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ បានអនុម័តសេចក្ដីស្នើច្បាប់មួយកាលពីថ្ងៃព្រហស្បតិ៍ (១៦ ឧសភា) ដែលនឹងបង្ខំឱ្យលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បញ្ជូនអាវុធទៅអ៊ីស្រាអែល ដោយស្វះស្វែងរកការស្តីបន្ទោសគណបក្សប្រជាធិបតេយ្យចំពោះការពន្យារពេលដឹកជញ្ជូនគ្រាប់បែក ខណៈលោក បៃដិន ជំរុញឱ្យអ៊ីស្រាអែល ប្រឹងប្រែងបន្ថែមទៀតដើម្បីការពារជនស៊ីវិលក្នុងអំឡុងពេលសង្គ្រាមជាមួយក្រុមហាម៉ាស។

សំណើច្បាប់គាំទ្រជំនួយសន្តិសុខអ៊ីស្រាអែល ត្រូវបានអនុម័តក្នុងសំឡេងគាំទ្រ ២២៤ ទល់នឹងការប្រឆាំង ១៨៧ សំឡេងដែលភាគច្រើននៅតាមជួរគណបក្ស។ សមាជិកគណបក្សប្រជាធិបតេយ្យចំនួន ១៦ នាក់បានចូលរួមជាមួយគណបក្សសាធារណរដ្ឋភាគច្រើនក្នុងការបោះឆ្នោតគាំទ្រ ហើយសមាជិកគណបក្សសាធារណរដ្ឋបីនាក់ បានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យភាគច្រើនក្នុងការប្រឆាំងនឹងវិធានការនេះ។

សំណើច្បាប់នេះមិនត្រូវបានគេរំពឹងថានឹងក្លាយទៅជាច្បាប់ពេញលេញនោះទេ ប៉ុន្តែការអនុម័តនេះបានគូសបញ្ជាក់ពីការខ្វែងគំនិតគ្នាយ៉ាងជ្រៅក្នុងការបោះឆ្នោតរបស់សហរដ្ឋអាមេរិក លើគោលនយោបាយអ៊ីស្រាអែល នៅពេលដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ស្វះស្វែងកម្ចាត់ពួកសកម្មប្រយុទ្ធ។ គណបក្សសាធារណរដ្ឋបានចោទលោក បៃដិន ថាមិនអើពើនឹងអ៊ីស្រាអែល បន្ទាប់ពីប្រឈមមុខនឹងការតវ៉ាគាំទ្រប៉ាឡេស្ទីនយ៉ាងរាលដាល។

គណបក្សប្រជាធិបតេយ្យក៏បានចោទបកទៅវិញថាកំពុងលេងល្បែងនយោបាយ ដោយនិយាយថាគណបក្សសាធារណរដ្ឋ កំពុងបំភ្លៃជំហររបស់លោក បៃដិន លើអ៊ីស្រាអែល។ អ៊ីស្រាអែល ដែលជាអ្នកទទួលជំនួយផ្នែកយោធាដ៏សំខាន់របស់សហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ នៅតែត្រូវទទួលបានអាវុធរាប់ពាន់លានដុល្លារពីអាមេរិក ទោះបីជាមានការពន្យាពេលនៃការដឹកជញ្ជូនមួយលើកក៏ដោយ៕