អ្នកស្រុក និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបាននិយាយថា រថក្រោះរបស់អ៊ីស្រាអែល បានវាយរុញចូលទៅក្នុងភាគកណ្ដាលនៃទីក្រុង ចាបាលីយ៉ា (Jabalia) ដែលភាគខាងជើងហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ (១៦ ឧសភា) ដោយប្រឈមនឹងគ្រាប់រ៉ូកែតប្រឆាំងរថក្រោះ និងគ្រាប់បែកត្បាល់ពីក្រុមសកម្មប្រយុទ្ធដែលប្រមូលផ្តុំនៅទីនោះ ខណៈដែលនៅភាគខាងត្បូង កងកម្លាំងរបស់ខ្លួនបានវាយលុកក្រុង រ៉ាហ្វា (Rafah) ប៉ុន្តែហាក់មិនអាចវាយរុលទៅមុខលឿននោះទេ។

ការរីកចម្រើនដ៏យឺតយ៉ាវនៃការវាយលុករបស់អ៊ីស្រាអែល ជាងប្រាំពីរខែបន្ទាប់ពីការវាយឆ្មក់ឆ្លងព្រំដែនដ៏ប្រល័យរបស់ក្រុមហាម៉ាស បានបង្ហាញពីការលំបាកក្នុងការសម្រេចបាននូវគោលបំណងរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ក្នុងការលុបបំបាត់ក្រុមសកម្មប្រយុទ្ធ។

ស្លាបប្រដាប់អាវុធនៃក្រុមហាម៉ាស និងសម្ព័ន្ធមិត្ត ក្រុមឥស្លាមនិយម ជីហាដ អាចមានសម្ថភាពបន្តប្រយុទ្ធក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយប្រើផ្លូវរូងក្រោមដីដើម្បីវាយប្រហារទាំងភាគខាងជើង ដែលជាចំណុចផ្តោតនៃការលុកលុយដំបូងរបស់អ៊ីស្រាអែល និងសមរភូមិថ្មី ដូចជាក្រុងរ៉ាហ្វា ដែលនៅភាគខាងត្បូង។

អ៊ីស្រាអែលនិយាយថា កងវរសេនាតូចហាម៉ាស បួនកងឥឡូវនេះស្ថិតនៅក្នុងទីក្រុងរ៉ាហ្វា រួមជាមួយនឹងចំណាប់ថ្នូរដែលត្រូវបានចាប់ក្នុងអំឡុងពេលការវាយប្រហារថ្ងៃទី០៧ ខែតុលា ប៉ុន្តែខ្លួនប្រឈមមុខនឹងសម្ពាធអន្តរជាតិមិនឱ្យឈ្លានពានទីក្រុងព្រំដែន ដែលជាកន្លែងជនស៊ីវិលភៀសខ្លួនប៉ាឡេស្ទីនរាប់សែននាក់កំពុងស្នាក់នៅ៕