ជនស៊ីវិលអ៊ុយក្រែនរាប់ពាន់នាក់ ត្រូវបានបង្ខំឱ្យជម្លៀសចេញពីការប្រយុទ្ធគ្នាដ៏កក្រើកនៅភាគឦសានរបស់ប្រទេសនេះ។ អ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៦ឧសភា សប្ដាហ៍នេះ ថា កងកម្លាំងរបស់ខ្លួន កំពុងប្រយុទ្ធប្រឆាំងការវាយលុករបស់រុស្ស៊ីកាន់តែខ្លាំង នៅក្នុងតំបន់ ខាគីវ (Kharkiv) ។

កងទ័ពរបស់ទីក្រុងមូស្គូ ត្រូវបានគេរាយការណ៍ថាបានវាយប្រហារលើទីតាំងមួយចំនួនរបស់អ៊ុយក្រែននៅក្នុងស្រុកនានាភាគខាងជើងទីក្រុង វៅចាន់ស៍(Vovchansk) ដែលមានចម្ងាយប្រហែល ៥ គីឡូម៉ែត្រពីព្រំដែនរុស្ស៊ី ទោះបីជាទីក្រុង Kyiv បាននិយាយថា ខ្លួនកំពុងរារាំងការសម្រុករុលចូលទៅមុខក៏ដោយ។

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានសរសេរនៅលើបណ្ដាញសង្គម Facebook ថា កងកម្លាំងការពារអ៊ុយក្រែន បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីកាត់បន្ថយសកម្មភាពរបស់កងទ័ពរុស្ស៊ីយ៉ាងច្រើន ។
ប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងតំបន់ភាគឦសានកាលពីសប្តាហ៍មុន ដែលជាការលុកលុយតាមព្រំដែនដ៏សំខាន់បំផុតរបស់ខ្លួន ចាប់តាំងពីការលុកលុយពេញបន្ទុក បានចាប់ផ្តើមកាលពីដើមឆ្នាំ២០២២មក ។

ការវាយរុលទៅមុខនេះ បានបង្ខំឱ្យកងទ័ពដែលនៅសេសសល់របស់ទីក្រុង Kyiv ប្រមូលផ្តុំគ្នាពង្រឹងកម្លាំង ដោយសហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយយោធាបន្ថែមទៀតកាលពីថ្ងៃពុធសប្ដាហ៍នេះ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymr Zelenskyy បានសម្រេចចិត្តបញ្ឈប់ការធ្វើដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ប្រទេសព័រទុយហ្គាល់ និងអេស្ប៉ាញនៅចុងសប្តាហ៍នេះ ដើម្បីដោះស្រាយវិបត្តិ ដោយបានគូសបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃការគំរាមកំហែងដល់ទាហានរបស់លោកនៅសមរភូមិ ខណៈលោកបានទៅកាន់ភាគឦសានទីក្រុងខាគីវ និងសួរសុខទុក្ខទាហានដែលរងរបួស៕