នាព្រឹកថ្ងៃទី១៧ ឧសភាឆ្នាំ២០២៤ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ក្រុងសំរោងខេត្តឧត្តរមានជ័យ បានរៀបចំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុងស្រុក ឃុំសង្កាត់អាណត្តិទី៤ ដែលប្រព្រឹត្តិទៅក្រោមវត្តមានឯកឧត្តម ប៉ែន កុសល្យ ប្រធានគណប្រជាជនកម្ពុជា ខេត្តឧត្តរមានជ័យ និងមានការចូលរួមពីសមាជិកសមាជិការបក្សមកពីតាមបណ្តាលឃុំសង្កាត់ជាច្រើននាក់ផងដែរ។
បន្ទាប់ពីលោក ផុន ចាន់នឹល អភិបាលក្រុងសំរោង បានមានមតិស្វាគមន៍រួចមក ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តឧត្តរមានជ័យ បានមានប្រសាសន៍លើកឡើងនូវខ្លឹមសារទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណប្រជាជនកម្ពុជា និងបានធ្វើការសំណេះសំណាលសួរសុខទុក្ខដល់សមាជិកសមាជិការទាំងអស់ដែលកន្លងមក បានខិតខំបំពេញការងារយ៉ាងសកម្ម ជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ប្រកបដោយក្រមសិលធម៌ និងការយកចិត្តទុកដាក់ខ្ពស់។
ឯកឧត្តមបន្តថា កត្តាទាំងអស់ហើយធ្វើពលរដ្ឋមានការជឿជាក់មកលើការដឹកនាំរបស់គណប្រជាជនកម្ពុជាដែលជាគណបក្សមួយប្រកបដោយភាពចាស់ និងមានការអភិវឌ្ឍប្រទេសមានការរីកចម្រើនបានលើគ្រប់វិស័យផងដែរ។
ទន្ទឹមគ្នានោះដែរក្រុមការងារដែលមកពីតាមបណ្តាលមូលដ្ឋានឃុំសង្កាត់នានាក្នុងក្រុងសំរោង ក៏បានធ្វើការដង្ហែរក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុងស្រុក ឃុំសង្កាត់ ទៅតាមមូលដ្ឋានរៀងៗខ្លួនផងដែរ។
សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុងស្រុក ឃុំសង្កាត់ របស់ខេត្តឧត្តរមានជ័យ មានការិយាល័យចំនួនប្រាំ ក្រុងស្រុក និង២៤ឃុំសង្កាត់ មានសមាជិកចូលរួមបោះឆ្នោតចំនួន១៥២នាក់ផងដែរ៕














