ខណៈពិព័រណ៍ការងារ និងសន្និសីទវិទ្យាសាស្រ្ត លើកទី៣ បានកំពុងរៀបចំនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) យុវជនជាច្រើននាក់បាននាំគ្នាចូលរួមទស្សនាស្វែងយល់អំពីទីផ្សារការងារ និងបានដាក់ពាក្យស្វែងរកការងារភ្លាមៗទៅតាមជំនាញរៀងៗប្រកបដោយភាពសប្បាយរីករាយនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ។
យុវតី សុខ បញ្ញា ជានិស្សិតឆ្នាំទី២ ជំនាញផ្នែកអគ្គិសនី បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា នេះជាលើកទី១ ដែលនាងបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ និងមានអារម្មណ៍ថាប្លែក សប្បាយចិត្ត។ យុវតីរូបនេះ លើកឡើងថា កម្មវិធីពិព័រណ៍ការងារនេះ ពិតជាផ្តល់សារសំខាន់សម្រាប់សិស្សនិស្សិត ដែលកំពុងស្វែងរកការងារធ្វើ ដើម្បីបានដាក់ពាក្យភ្លាម សម្ភាសន៍ជាមួយក្រុមហ៊ុនជាច្រើននៅទីនេះ។
តំណាងឲ្យយុវជនដទៃផ្សេងទៀត យុវជន លីម ដារ៉ារិទ្ធ និស្សិតឆ្នាំទី២ ជំនាញផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ បានឲ្យដឹងថា ពួកគាត់ពិតជាមានអារម្ភត្រេកអរ សប្បាយរីករាយដែលបានចូលរួមជាមួយនឹងកម្មវិធីនេះ ហើយបានឃើញទិដ្ឋភាពថ្មីៗ និងបានស្វែងយល់អំពីឱកាសការងារជាច្រើនផ្សេងៗទៀតដែលអាចជ្រើសរើសបានទៅតាមជំនាញ និងចំណង់ចំណូលចិត្ត ដោយសារទីផ្សារការងារបច្ចុប្បន្នមានភាពទូលំទូលាយច្រើន។
នៅក្នុងពិធីបើកពិព័រណ៍ការងារ និងសន្និសីទវិទ្យាសាស្រ្ត លើកទី៣ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា កម្មវិធីនេះមិនត្រឹមតែជាការបង្កឱកាសឱ្យសិស្ស និស្សិត និងក្រុមហ៊ុនបានជួបគ្នាដោយផ្ទាល់ដើម្បីសិក្សាស្វែងយល់អំពីផលិតផល សេវាកម្ម បច្ចេកទេស បច្ចេកវិទ្យាថ្មីៗ ឱកាសកម្មសិក្សា ឱកាសការងារនោះទេ តែកម្មវិធីននេះ ក៏បើកឱកាសជូនដល់ក្រុមហ៊ុន ដៃគូអភិវឌ្ឍន៍ និងសាធារណជនបានស្វែងយល់អំពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចស្នាដៃសិក្សាស្រាវជ្រាវអំពីបច្ចេកទេស និងបច្ចេកវិទ្យាផងដែរ។
សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍ការងារ និងសន្និសីទវិទ្យាសាស្រ្តលើកទី ៣ ឆ្នាំ២០២៤ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ និង១៧ ខែឧសភានេះ ដែលសហការរៀបចំដោយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងទីភ្នាក់ងារជាតិមុខរបរ និងការងារ។ បើតាមរបាយការណ៍របស់វិទ្យាស្ថាន ពិធីនេះ គឺជាព្រឹត្តិការណ៍ធំមួយដែលរួមបញ្ចូលនូវកម្មវិធីចំនួន៣ ដែលមានអ្នកចូលរួមក្នុងកម្មវិធីនេះទាំង២ថ្ងៃសរុបប្រមាណ ៦,០០០នាក់ ដែលកម្មវិធីទាំង៣ រួមមាន៖ ១.ពិព័រណ៍ការងារដែលជាកិច្ចសរវាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ទីភ្នាក់ងារជាតិមុខរបរ និងការងារ និងក្រុមហ៊ុន សហគ្រាសធំៗចំនួន៧២ ដែលចូលរួមដាក់តាំងបង្ហាញនូវផលិតផល សេវា បច្ចេកវិទ្យា-ល-។ ២. សន្និសីទវិទ្យាសាស្រ្តលើកទី៣ ស្តីពី “វិទ្យាសាស្រ្ត វិស្វកម្ម និងបច្ចេកវិទ្យាបៃតង” ដែលមានការចូលរួមពីលោកបណ្ឌិត សស្ត្រាចារ្យ និងនិស្សិតផ្នែកបច្ចេកទេស និងវិស្វកម្មដនានា និង៣.ខួបលើកទី១៩ នៃការបង្កើតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី











