ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវ ដល់សមាជិក សមាជិកាទាំងអស់ ដែលមានតួនាតីក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយគប្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ខណៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានេះ គឺធានាជោគវាសនាដ៏រុងរឿងរបស់ប្រទេសជាតិ ប្រជាជន និងខ្លួនឯងផ្ទាល់។
តាមរយៈសារលិខិត ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌអាណត្តិទី៤ នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់សម្រាប់ការបន្តជំរុញដំណើរការ អភិវឌ្ឍសង្គមជាតិខ្មែរ ពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ខណៈការបោះឆ្នោតនេះជាការបោះឆ្នោតអសកល ប៉ុន្តែ គឺជាការបោះឆ្នោតដែលកើតចេញពីឆន្ទៈរបស់ប្រជាជនកម្ពុជា ពិតប្រាកដ ព្រោះថាសមាជិក សមាជិកានៃក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាតំណាងដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនដែលបានប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន។
តាមរយៈសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច បានប្រកាស ជាឱឡារិកនូវការចូលរួមក្នុងការបោះឆ្នោតអសកលនេះ ដោយគោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផលនៃការបោះឆ្នោត ហើយគណបក្ស ប្រជាជនកម្ពុជាចូលរួមជាមួយបណ្តាគណបក្សនយោបាយ មជ្ឈដ្ឋានចម្រើនជឿនលឿននានាក្នុងសង្គម និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាបរិយាកាសនយោបាយសម្រាប់ការបោះឆ្នោតឲ្យប្រ ព្រឹត្តទៅប្រកបដោយលក្ខណៈសេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាពផងដែរ។
យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន «សូមអំពាវនាវដល់លោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងទាំងអស់នៅទូទាំងប្រទេស សូមអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ជាសញ្ញាសម្គាល់នៅលើ សន្លឹកឆ្នោត ឲ្យបានគ្រប់ៗគ្នា ហើយការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានាជោគវាសនាដ៏រុង រឿងរបស់ប្រទេសជាតិ ប្រជាជន និងខ្លួនឯងផ្ទាល់»។
តាមរយៈសារលិខិតដដែលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា គណបក្ស ប្រជាជនកម្ពុជា ប្តេជ្ញាអនុវត្តកម្មវិធីនយោបាយរបស់ខ្លួន ដែលបានប្រកាសជូនបងប្អូនជនរួមជាតិរួចហើយ ឲ្យបានសម្រេចជោគជ័យទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដើម្បីធានាដល់ការថែរក្សាសន្តិភាព និងស្ថិរភាព ការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងកសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋ ប្រជាធិបតេយ្យសេរីពហុបក្ស ដ៏រឹងមាំដែលផ្អែកលើច្បាប់ មានការគោរពសិទ្ធិមនុស្សយ៉ាងខ្ជាប់ខ្ជួន មាន សេដ្ឋកិច្ចរីកចម្រើនលឿន ធ្វើឲ្យប្រជាជនកម្ពុជាគ្រប់ក្រុមគ្រួសារមានជីវភាពកាន់តែល្អប្រសើរឡើង ឥត ឈប់ឈរ និងរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គមជាដើម៕ អត្ថបទ៖ បាន ចក់
