មន្ត្រីក្រសួងរតនាគារអ៊ីតាលី មួយរូបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៦ ឧសភា) ថា កិច្ចប្រជុំក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុមកពីក្រុមប្រទេសប្រជាធិបតេយ្យធំៗទាំងប្រាំពីរ G7 នៅក្នុងប្រទេសអ៊ីតាលី នៅសប្តាហ៍ក្រោយនេះ នឹងគាំទ្រផែនការរបស់សហភាពអឺរ៉ុប ក្នុងការប្រើប្រាស់ប្រាក់ចំណូលដែលបានមកពីទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់អ៊ុយក្រែន។

មន្រ្តីដែលសុំមិនបញ្ចេញឈ្មោះរូបនោះបានប្រាប់សន្និសីទសារព័ត៌មានថា ប្រទេសអ៊ីតាលី ដែលកាន់តំណែងជាប្រធានប្តូរវេននៃកិច្ចប្រជុំ G7 ក៏នឹងព្យាយាមស្តារឡើងវិញនូវកិច្ចព្រមព្រៀងអន្តរជាតិស្តីពីមធ្យោបាយចែករំលែកសិទ្ធិពន្ធលើសាជីវកម្មធំៗ ដែលសហរដ្ឋអាមេរិក កំពុងពិបាកក្នុងការផ្តល់សច្ចាប័ននៅក្នុងសភា។

ក្រុមប្រទេស G7 បានបង្កកទ្រព្យសម្បត្តិហិរញ្ញវត្ថុប្រហែល ៣០០ ពាន់លានដុល្លារភ្លាមៗបន្ទាប់ពីការវាយប្រហាររបស់ទីក្រុងមូស្គូ លើប្រទេសជិតខាងរបស់ខ្លួនក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ចាប់តាំងពីពេលនោះមក សហភាពអឺរ៉ុប និងក្រុមប្រទេស G7 ផ្សេងទៀតបានពិភាក្សាគ្នាថាតើត្រូវប្រើប្រាស់មូលនិធិនោះដើម្បីជួយអ៊ុយក្រែនយ៉ាងដូចម្តេច។

សហរដ្ឋអាមេរិក បានស្នើរឹបអូសទ្រព្យសម្បត្តិទាំងស្រុង ប៉ុន្តែអឺរ៉ុបបានច្រានចោល ដោយលើកឡើងពីហានិភ័យចំពោះប្រាក់អឺរ៉ូ និងផលប៉ះពាល់ផ្លូវច្បាប់។ ដោយប្រឈមមុខនឹងការតស៊ូរបស់អឺរ៉ុប ថ្មីៗនេះទីក្រុងវ៉ាស៊ីនតោន បានស្នើឱ្យប្រើប្រាស់ទ្រព្យសម្បត្តិនោះជាទ្រព្យបញ្ចាំ ដើម្បីផ្តល់ប្រាក់កម្ចីសម្រាប់អ៊ុយក្រែន៕