មេបញ្ជាការសម្ព័ន្ធជាន់ខ្ពស់របស់ណាតូ ប្រចាំនៅអឺរ៉ុប លោក Christopher Cavoli បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យោធារុស្ស៊ី ពុំមានចំនួនច្រើនគ្រប់គ្រាន់ដើម្បីឈានដល់ការវាយទម្លាយជាយុទ្ធសាស្ត្រ នៅក្នុងតំបន់ជុំវិញទីក្រុង Kharkiv ភាគខាងកើតប្រទេសអ៊ុយក្រែននោះទេ។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំរបស់សម្ព័ន្ធយោធាណាតូ នៅទីក្រុងប្រ៊ុចសែល លោក Cavoli បាននិយាយថាលោក មានទំនុកចិត្តថា កងកម្លាំងអ៊ុយក្រែន នឹងកាន់កាប់សមរភូមិរបស់ពួកគេនៅក្នុងតំបន់។
លោកនិយាយថា សម្ព័ន្ធមិត្តជាច្រើន កំពុងដឹកជញ្ជូនជំនួយ គ្រាប់រំសេវដ៏ច្រើនសន្ធឹកសន្ធាប់ ប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយជិត និងរថពាសដែកច្រើនគ្រឿង ទៅកាន់ប្រទេសអ៊ុយក្រែននៅពេលនេះ។

លោក Rob Bauer ប្រធានគណៈកម្មាធិការយោធារបស់សម្ព័ន្ធយោធាណាតូ បាននិយាយទៅកាន់សន្និសីទសារព័ត៌មានថា ប្រទេសរុស្ស៊ី កំពុងឈានទៅមុខកាន់តែលឿនជាងមុន នៅពេលនិយាយអំពីការបង្កើនសមត្ថភាពឧស្សាហកម្មរបស់ប្រទេសនេះ ក្នុងវិស័យការពារជាតិ ជាងនៅអឺរ៉ុប និងនៅអាមេរិកខាងជើង។