ក្នុងការទប់ទល់ដែលនៅបន្តដើម្បីទប់ស្កាត់ចំហេះព្រៃនៅជិតទីក្រុង ហ្វត មុកម័រី(Fort McMurray) រដ្ឋ Alberta ក្រុមអ្នកពន្លត់អគ្គីភ័យកំពុងប្រើយុទ្ធសាស្ត្រពីលើអាកាស ដោយសារតែយុទ្ធសាស្ត្រលើដី បានបង្ហាញថាគ្មានប្រសិទ្ធភាព។

ភ្លៀងធ្លាក់នៅពេលថ្មីៗនេះ គួបផ្សំនឹងការព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានផ្តល់ជំនួយសង្គ្រោះមួយចំនួន។ ទោះជាយ៉ាងណា អណ្តាតភ្លើងចំហេះព្រៃនៅតែស្ថិតនៅក្នុងចម្ងាយប្រហែល ៥,៥ គីឡូម៉ែត្រ ពីកន្លែងចាក់សំរាមភាគខាងត្បូងទីក្រុង ជាកន្លែងដែលកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់កំពុងនៅបន្ត។

វាគឺជាចំហេះព្រៃតែមួយគត់ក្នុងចំណោមចំហេះព្រៃចំនួន៤៤កន្លែង ឆាបឆេះនៅរដ្ឋ Alberta ដែលត្រូវបានចាត់ទុកថាពុំអាចគ្រប់គ្រងបាន ហើយមន្ត្រីព័ត៌មានស្តីពីចំហេះព្រៃ លោក Josee St-Onge បាន និយាយថា ត្រូវការការងារបន្ថែមទៀតដើម្បីទប់ស្កាត់ការឆាបឆេះរាលដាល។
លោក Jody Butz ប្រធានក្រុមពន្លត់អគ្គីភ័យប្រចាំតំបន់ និងជានាយកគ្រប់គ្រងគ្រោះអាសន្ន បានបញ្ជាក់អំពីការកើតឡើងនៃគ្រោះធម្មជាតិនៃចំហេះព្រៃនៅក្នុងព្រៃទាំងនេះ ប៉ុន្តែបានបញ្ជាក់ពីការរួមចំណែកដ៏សំខាន់របស់មនុស្សដែលមានចំនួនប្រហែល ៦០ភាគ នៃឧបទ្ទវហេតុ។
ទីក្រុង ហ្វត មុកម័រី(Fort McMurray) ជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការផលិតប្រេងរបស់ប្រទេសកាណាដា បានប្រឈមទៅនឹងផលវិបាកដ៏មហន្តរាយកាលពីឆ្នាំ ២០១៦ អំឡុងពេលចំហេះព្រៃដ៏ធំដែលតម្រូវឱ្យជម្លៀសប្រជាជនចំនួន ៩០.០០០នាក់ និងបានឆេះបំផ្លាញរចនាសម្ព័ន្ធជាច្រើន និងបានកាត់បន្ថយទិន្នផលប្រេងជាង១ លានបារ៉ែលក្នុងមួយថ្ងៃ។