ប្រព័ន្ធផ្សព្វផ្សាយ NHK បានរាយការណ៍ថា ឆ្មាំល្បាតឆ្នេររបស់ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធរួមគ្នាលើកដំបូងរបស់ពួកគេនៅខែក្រោយ។

សមយុទ្ធនេះ ធ្វើឡើងក្នុងពេលដែលសកម្មភាពរបស់ប្រទេសចិននៅសមុទ្រកើនឡើង។ ប្រភពព័ត៌មាន បាននិយាយថា សមយុទ្ធនេះគ្រោងនឹងធ្វើឡើងនៅសមុទ្រជប៉ុន នៅឆ្នេរសមុទ្រនៃខេត្ត Fukui និងខេត្ត Kyoto របស់ប្រទេសជប៉ុននៅថ្ងៃទី ៦ ខែមិថុនា។
នាវាជាច្រើនគ្រឿង មកពីឆ្មាំល្បាតឆ្នេរ របស់ប្រទេសទាំងបីនឹងបង្ហាញពីវិធីសាស្រ្ត និងសមត្ថភាព ស្វែងរក និងជួយសង្គ្រោះរបស់ពួកគេ។ ឆ្មាំល្បាតឆ្នេរ បានចុះហត្ថលេខាលើឯកសារមួយ កាលពីថ្ងៃទី ៩ ខែឧសភា ដោយបញ្ជាក់ពីគោលបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងបី។

ឆ្មាំល្បាតឆ្នេររបស់ប្រទេសទាំងបី ក៏មានផែនការសហការជាមួយសមភាគីនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងប្រទេសកោះប៉ាស៊ីហ្វិក ដើម្បីឲ្យគាំទ្រសមត្ថភាពរបស់ពួកគេក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ព្រមទាំងការបង្ក្រាបការនេសាទខុសច្បាប់។
ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលត្រីភាគី នៅជិតទីក្រុងវ៉ាស៊ីនតោន កាលពីខែសីហាកន្លងទៅ មេដឹកនាំប្រទេសជប៉ុន សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង បានព្រមព្រៀង ធ្វើការជាមួយគ្នាដើម្បីសម្រេចបាននូវតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហ។