តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានបើកសវនាការរយៈពេលពីរថ្ងៃរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ទាក់ទងទៅនឹងសំណើរបស់ប្រទេសអាហ្វ្រិកខាងត្បូង ក្នុងការឲ្យបញ្ឈប់ការវាយលុកដោយយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។

ឯកអគ្គរដ្ឋទូតប្រទេសអាហ្រ្វិកខាងត្បូងប្រចាំប្រទេសហូឡង់ លោក វូស៊ីមូហ្សី ម៉ាដុនសេឡា(Vusimuzi Madonsela) បានប្រាប់ចៅក្រមថា ប្រទេសរបស់លោក ត្រឡប់ទៅរកតុលាការវិញ ដោយសារតែការស្លាប់ប្រជាជនប៉ាឡេស្ទីនជាបន្តបន្ទាប់ ខណៈមនុស្សជាង ៣៥.000នាក់ បានស្លាប់រហូតមកដល់ពេលនេះ ហើយភាគច្រើននៃតំបន់ហ្កាហ្សា បានក្លាយទៅជាគំនរបាក់បែក។

លោកនិយាយថា អ៊ីស្រាអែល បន្តបង្ហាញការមើលងាយទាំងស្រុងដល់អាយុជីវិតប្រជាជនប៉ាឡេស្ទីន ហើយកំពុងធ្វើប្រតិបត្តិការដោយគ្មានទោសពៃ ដោយលោកបានពន្យល់ពីហេតុផលនៅពីក្រោយការអំពាវនាវជាបន្តរបស់ប្រទេសអាហ្វ្រិកខាងត្បូង ឱ្យការពារសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនប៉ាឡេស្ទីន។ ចាប់តាំងពីការដាក់ពាក្យបណ្តឹងដំបូងរបស់ខ្លួនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ អាហ្វ្រិកខាងត្បូង បានធ្វើសំណើជាបន្តបន្ទាប់នៅក្នុងខែកុម្ភៈ និងខែមីនា ឆ្នាំ២០២៤ សម្រាប់វិធានការបណ្តោះអាសន្នបន្ថែមទៀត ដើម្បីបញ្ឈប់អំពើប្រល័យពូជសាសន៍ របស់អ៊ីស្រាអែល ទៅលើប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។
នៅក្នុងសំណើថ្មី ឯកអគ្គរដ្ឋទូត លោក Madonsela បានបញ្ជាក់ពីការរីកធំនៃស្ថានភាពធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងការបំផ្លាញនៅតំបន់នេះ ក្នុងកម្រិតមួយដែលពុំធ្លាប់បានឃើញចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។ លោក Madonsela បានជំរុញឱ្យតុលា ចេញសេចក្តីបង្គាប់ឱ្យអ៊ីស្រាអែល បញ្ឈប់ប្រតិបត្តិការសឹករបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា រួមទាំងនៅទីក្រុង Rafah និងដកកងទ័ពរបស់ខ្លួនចេញពីតំបន់ហ្កាហ្សា ទាំងមូល។
បន្ថែមលើនេះ លោកឯកអគ្គរដ្ឋទូត បានអំពាវនាវឱ្យអ៊ីស្រាអែល មានចំណាត់ការប្រកបដោយប្រសិទ្ធភាពទាំងអស់ ដើម្បីធានាបានដំណើរការចូលទៅកាន់តំបន់ហ្កាហ្សាដោយគ្មានការរារាំង សម្រាប់អង្គការសហប្រជាជាតិ និងការដឹកជញ្ជូនជំនួយមនុស្សធម៌។