សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសដាក់ទណ្ឌកម្មលើបុគ្គលរុស្ស៊ីពីររូប និងក្រុមហ៊ុនរុស្ស៊ីចំនួនបី សម្រាប់ការសម្របសម្រួលការបញ្ជូនសព្វាវុធរវាងរុស្ស៊ី និងកូរ៉េខាងជើង រួមទាំងមីស៊ីលបាលិស្ទិក សម្រាប់ប្រើប្រាស់ នៅក្នុងប្រទេសអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគារ បាននិយាយថា នេះគឺជាជុំថ្មីបំផុតនៃទណ្ឌកម្មដែលដាក់ដោយក្រសួងរតនាគារ និងក្រសួងការបរទេស ដើម្បីរំខាន និងបង្ហាញការបញ្ជូនអាវុធរវាងប្រទេសទាំងពីរ។
លោក Brian Nelson អនុរដ្ឋមន្ត្រីក្រសួងរតនាគារទទួលបន្ទុកផ្នែកភេរវកម្ម និង ចារកម្មហិរញ្ញវត្ថុ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«សកម្មភាពថ្ងៃនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការបង្អាក់កិច្ចសហប្រតិបត្តិការយោធារបស់កូរ៉េខាងជើង (សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េខាងជើង)»។

លោក Nelson បានបន្ថែមថា៖«សហរដ្ឋអាមេរិក នឹងបន្តចាត់វិធានការ ដើម្បីទទួលខុសត្រូវចំពោះអ្នកដែលស្វែងរកការសម្របសម្រួលការដឹកជញ្ជូនសព្វាវុធ និងសម្ភារៈផ្សេងៗទៀត ដើម្បីឲ្យរុស្ស៊ីអាចបន្តសង្រ្គាមនៅអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ថា រុស្ស៊ី និងកូរ៉េខាងជើង បានពង្រឹងកិច្ចសហប្រតិបត្តិការយោធាកាលពីឆ្នាំមុន ដោយទីក្រុងព្យុងយ៉ាង បានផ្តល់មីស៊ីលបាលិស្ទិក និងគ្រាប់រំសេវដល់រុស្ស៊ី និងស្វែងរកជំនួយផ្នែកយោធា ជាថ្នូរមកវិញនោះ។