គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ នៅមន្ទីរបក្សរាជធានីភ្នំពេញ និងបន្តការដង្ហែក្បួនចេញទៅតាមបណ្ដាខណ្ឌតាំង១៤ និងសង្កាត់ទាំង១០៥។

ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនរាជធានីភ្នំពេញមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ មានសមាជិកក្រុមប្រឹក្សា សង្កាត់ក្នុងមុខតំណែង សរុបចំនួន ៨៩៩ រូប ក្នុងនោះ សមាជិកក្រុមប្រឹក្សាសង្កាត់របស់គណបក្សប្រជាជនកម្ពុជា មានចំនួន ៧៤៣ រូប។ ចំពោះសកម្មភាពការងារ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ឈានឆ្ពោះទៅ កាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤នេះ បញ្ហាសន្តិសុខ-សណ្តាប់ធ្នាប់សាធារណៈ នៅទូទាំងរាជធានីភ្នំពេញមានភាពល្អប្រសើរ និងធានាប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ឯកឧត្ដមបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនឹងយកបានជ័យជម្នះយ៉ាងពិតប្រាកដក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ដោយសារតែមានអង្គបោះឆ្នោតសមាជិកព្រឹទ្ធសភា របស់គណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ ដែលបានចុះឈ្មោះបោះឆ្នោត មានចំនួន ៧៤៣ រូប គឺស្មើនឹងជិត ៨៣% ជាអត្រា ច្រើនលើសលុបធៀបនឹងអង្គបោះឆ្នោតសរុបទូទាំងរាជធានីភ្នំពេញ។ គណបក្សមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ តាំងពីលើដល់ក្រោម។ គម្រោង “ព្រែកជីកហ្វូណន-តេជោ” ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោប្រធានគណបក្ស និងកំពុងជំរុញការអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយក រដ្ឋមន្ត្រី ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ មានប្រសាសន៍ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ចាប់ផ្តើមឡើងពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ឧសភា ឆ្នាំ២០២៤ ដែលជាឱកាសឲ្យគណបក្សប្រជាជនកម្ពុជារាជធានី ខណ្ឌបានផ្សព្វផ្សាយពីគោលនយោបាយសំខាន់ៗរបស់ក្រុមប្រឹក្សារាជធានី ខណ្ឌ បានទូលំទូលាយ ដើម្បីឈានទៅដណ្តើមជ័យជម្នះនៅថ្ងៃទី២៦ឧសភានេះ។

សម្តេចវិបុលសេនាភក្តី បានបន្តថា អាជ្ញាធររាជធានី ខណ្ឌបានបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អ ដោយបានធ្វើឲ្យរាជធានីភ្នំពេញ រក្សាបាននូវសណ្តាប់ធ្នាប់ សន្តិសុខល្អប្រសើរ ជាមួយនិងការអភិវឌ្ឍរីកចំរើនយ៉ាងឆាប់រហ័ស។ សម្តេចក៏បានជម្រុញឲ្យក្រុមប្រឹក្សារាជធានី ខណ្ឌ អនុវត្តនូវគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុន សែន ដែលគោលនយោបាយនេះបានធ្វើឲ្យកម្ពុជាបញ្ចប់សង្គ្រាមទាំងស្រុង និងថែរក្សាសន្តិភាពឲ្យបានគង់វង្ស ការពាររដ្ឋធម្មនុញ្ញា និងប្រឆាំងរាល់សកម្មភាពដែលប៉ះពាល់ដល់ព្រះមហាក្សត្រ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា



