អាមេរិក៖ លោកប្រធានាធិបតី Joe Biden បានអំពាវនាវឱ្យលោក Andrew Cuomo លាលែងពីតំណែង បន្ទាប់ពីការស៊ើបអង្កេតឯករាជ្យមួយដែលរកឃើញថា អភិបាលរដ្ឋ New York បានបៀតបៀនកេរខ្មាសស្ត្រីជាច្រើននាក់។

ការថ្កោលទោសរបស់លោក Biden ចំពោះលោក Cuomo មានឡើងប៉ុន្មានម៉ោង បន្ទាប់ពីរដ្ឋអាជ្ញាប្រចាំរដ្ឋលោក Letitia James បាននិយាយថា អភិបាលរដ្ឋរូបនេះបានរំលោភច្បាប់រដ្ឋ និងសហព័ន្ធ។ ជាការឆ្លើយតបលោក Cuomo បានបដិសេធថា ខ្លួនមិនប៉ះពាល់នរណាម្នាក់ដោយមិនសមរម្យឡើយ ហើយប្ដេជ្ញាបន្តកាន់តំណែង។ ឥឡូវនេះលោក Cuomo អាចត្រូវបានចោទប្រកាន់ទម្លាក់តំណែង និងកំពុងប្រឈមនឹងការស៊ើបអង្កេតព្រហ្មទណ្ឌដាច់ដោយឡែកមួយផងដែរ។
លោក Biden បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃអង្គារថា ខ្ញុំគិតថា អភិបាលក្រុងរូបនេះគួរតែលាលែងពីតំណែង។ ខ្ញុំយល់ថា អង្គនីតិបញ្ញត្តិរបស់រដ្ឋអាចសម្រេចក្នុងការចោទប្រកាន់។ ខ្ញុំមិនដឹងទេ តាមពិតខ្ញុំមិនបានអានទិន្នន័យទាំងអស់នោះទេ។ ការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាត្រូវបានស្នើកាលពីឆ្នាំមុន បន្ទាប់ពីស្ត្រីជាច្រើននាក់បានចេញមុខចោទប្រកាន់ ពីបទរំលោភបំពានផ្លូវភេទពីសំណាក់អភិបាលក្រុងរូបនេះ៕
អត្ថបទ៖ សុខមាន