
មន្ត្រីម្នាក់បាននិយាយនៅថ្ងៃសុក្រ (១៧ ឧសភា) នេះថា មនុស្សរាប់រយនាក់ដែលរស់នៅក្បែរភ្នំភ្លើងដែលកំពុងផ្ទុះនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី ត្រូវបានជម្លៀសចេញ បន្ទាប់ពីអាជ្ញាធរបានដំឡើងស្ថានភាពប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត។
អាជ្ញាធរបានដំឡើងស្ថានភាពប្រកាសអាសន្នសម្រាប់ភ្នំ អ៊ីប៊ូ (Ibu) ដែលស្ថិតនៅលើកោះដាច់ស្រយាល ហាលម៉ាហេរ៉ា (Halmahera) ដល់កម្រិតខ្ពស់បំផុតនៃប្រព័ន្ធប្រកាសអាសន្នបួនកម្រិតរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការផ្ទុះដ៏ធំបំផុតក្នុងកំណត់ត្រាចំនួនពីរដងសម្រាប់ថ្ងៃទីពីរជាប់ៗគ្នា។
មន្ត្រីទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយក្នុងតំបន់ លោក ម៉ូហាម៉ាដ អាដេ ហ្វាបានយ៉ូ (Muhammad Ade Fabanyo) បានប្រាប់សារព័ត៌មាន AFP ថា អ្នកស្រុកប្រហែល ៤០០ នាក់នៅក្នុងភូមិចំនួន ៧ ក្បែរភ្នំភ្លើង អ៊ីប៊ូ ដែលបានផ្ទុះបញ្ចេញសំណុំផេះ និងផ្សែងដ៏ក្រាស់ឃ្មឹកហុយឡើងលើមេឃកម្ពស់ ៥ គីឡូម៉ែត្រ បានចាប់ផ្តើមជម្លៀសទៅកាន់ទីជម្រកជាច្រើនកាលពីល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអាជ្ញាធរបានដំឡើងស្ថានភាពប្រកាសអាសន្នរួច។
អាជ្ញាធរបានណែនាំដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យនៅក្រៅតំបន់ហាមឃាត់ចម្ងាយពី ៤ ទៅ ៧គីឡូម៉ែត្រ ហើយត្រូវពាក់ម៉ាស់ពេលមានផេះធ្លាក់មកពីលើអាកាស។ ភ្នំ អ៊ីប៊ូ គឺជាភ្នំភ្លើងបន្ទុះសកម្មបំផុតមួយរបស់ប្រទេសឥណ្ឌូនេស៊ី ដែលបានផ្ទុះច្រើនជាង ២១.០០០ ដងកាលពីឆ្នាំមុន៕