
រលកកម្ដៅក្នុងរយៈពេលបួនខែ ដែលក្តៅបំផុតនៃឆ្នាំ នាំឱ្យមនុស្សស្លាប់ជាង ១៥០.០០០ នាក់នៅជុំវិញពិភពលោកជារៀងរាល់ឆ្នាំ នេះបើយោងតាមការស្រាវជ្រាវដែលបានចេញផ្សាយកាលពីថ្ងៃពុធ (១៥ ឧសភា)។
រវាងឆ្នាំ១៩៩០ និងឆ្នាំ២០១៩ ការស្លាប់ទាក់ទងនឹងរលកកម្ដៅក្ដៅហួសហេតុមានចំនួន ១៥៣.០៧៨ ការស្លាប់ក្នុងមួយឆ្នាំ ស្មើនឹងការស្លាប់សរុបចំនួន ២៣៦ ក្នុងចំណោមអ្នកស្រុក ១០ លាននាក់ ឬ ១ ភាគរយនៃការស្លាប់ទូទាំងពិភពលោក នេះបើយោងតាមការសិក្សារបស់សាកលវិទ្យាល័យ ម៉ូណាស (Monash) ក្នុងប្រទេសអូស្ត្រាលី រាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ (dpa)។
ក្រុមអ្នកស្រាវជ្រាវបានពិនិត្យមើលការស្លាប់ប្រចាំថ្ងៃ និងសីតុណ្ហភាពពី ៧៥០ ទីតាំងនៅទូទាំង ៤៣ ប្រទេសជាផ្នែកនៃការសិក្សា។ ពួកគេបានរកឃើញថា អាស៊ីមានចំនួនអ្នកស្លាប់តាមការប៉ាន់ប្រមាណខ្ពស់បំផុត។
អ្នកស្រាវជ្រាវបាននិយាយថា សរុបមក អត្រាប៉ាន់ស្មានធំបំផុតនៃការស្លាប់ដោយសាររលកកម្ដៅត្រូវបានគេឃើញនៅក្នុងតំបន់ដែលមានអាកាសធាតុស្ងួត និងប្រាក់ចំណូលមធ្យមកម្រិតទាប ដោយបន្ថែមថាការរកឃើញទាំងនេះបង្ហាញពីអត្ថប្រយោជន៍ដ៏មានសក្ដានុពលនៃសកម្មភាពរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ការសម្របខ្លួនក្នុងវិស័យសុខាភិបាល និងភាពធន់ ដែលគ្របដណ្ដប់លើវិសមភាពនៅទូទាំងសហគមន៍៕