បាល់ទាត់៖ អតីតខ្សែបម្រើស្លាបរបស់ហង្សក្រហម Liverpool, Stewart Downing បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ហើយក្នុងវ័យ ៣៧ឆ្នាំ។ បន្ទាប់ពីរយៈពេលក្នុងអាជីពលើទីលានវាលស្មៅ Stewart Downing បាននិយាយអរគុណដល់អ្នករាល់គ្នាតាំងពីដើមមកសំរាប់ការគាំទ្រ លើកទឹកចិត្ត ជាពិសេសក្រុមគ្រួសារ អ្នកគាំទ្រ និងក្លិបអាជីពទាំងអស់បានផ្តល់សេចក្តីទុកចិត្ត។

Stewart Downing ជាកីឡាករដែលចេញពីយុវជនថ្នាលរបស់ក្លិប Middlesbrough និងឡើងមកលេងក្រុមធំនៅឆ្នាំ២០០១ រហូតដល់ឆ្នាំ២០០៩ ឈ្នះជើងឯក League Cup ១លើក, ជើងឯករង UEFA Cup ១លើក និងជួយក្រុមឡើងមកកាន់ English Premier League មុនពេលផ្លាស់ទៅកាន់ Aston Villa លេងដល់ឆ្នាំ២០១១ ទើបផ្លាស់ទៅកាន់ Liverpool។ ជាមួយ Liverpool, Downing ក៏បានជួយក្រុមឈ្នះជើងឯក League Cup ១លើកផងដែរ។
បន្ទាប់ពីអាជីពជាមួយ Liverpool, Stewart Downing ក៏បានបន្តដំណើរទៅ West Ham រួចត្រលប់ទៅកាន់ក្លិបចាស់ Middlesbrough វិញមុនពេលដែលចុងក្រោយបំផុតលេងឱ្យ Blackburn Rovers បានពីររដូវកាលពីឆ្នាំ២០១៩ ដល់ ២០២១។ Stewart Downing ត្រូវបានកោះហៅចូលក្រុមជំរើសជាតិអង់គ្លេសជាច្រើនប្រភេទអាយុ និងជាប់ក្រុមធំអង់គ្លេសលេងបាន ៣៥លើកពីឆ្នាំ២០០៥ ដល់ ២០១៤៕
អត្ថបទ៖នាង សុភាវុធ