នៅវេលាម៉ោង១រសៀលថ្ងៃទី១៧ ខែឧសភាឆ្នាំ ២០២៤ នេះ នគរបាលខណ្ឌទួលគោក បានធ្វើការបង្ហាញមុខជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាចាស់ លួច ឆក់ ប្លន់ យ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
ក្នុងការបង្ហាញមុខនេះលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់នេះ ត្រូវបានកម្លាំងនគរបាលផែនព្រហ្មទណ្ឌខណ្ឌទួលគោក ដេញប្រផាប់ប្រភីងឃាត់ខ្លួនបាមភ្លាមៗតែម្ដង ក្រោយជនសង្ស័យទាំង២នាក់នេះ បានធ្វើសកម្មភាព ឆក់ខ្សែក ប្លាទីន មានដាំត្បូងពេជ្រ បានសម្រេចរួចត្រូវបានកម្លាំងជំនាញ ឃាត់ខ្លួន។
លោកអធិការ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យទាំង ០២នាក់នេះ ជាមុខសញ្ញាចាស់ ទើបតែចេញពីពន្ធនាគារ ហើយបន្ទាប់ពីចេញពន្ធនាគារក្នុងអំឡុងខែឧសភា ឆ្នាំ២០២៤នេះ បានធ្វើសកម្មភាព ០៤ករណីបន្តបន្ទាប់ ក្នុងភូមិសាស្រ្ត ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌទួលគោក។
គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង ០៤និង៣០នាទីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានធ្វើសកម្មភាពឆក់ខ្សែក ពីជនរងគ្រោះ នៅចំណុចមុខផ្ទះលេខ ០៨A ផ្លូវលេខ២៣០ ភូមិ០៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ និងឃាត់ខ្លួនបានភា្លមៗ នៅចំណុច មុខផ្ទះលេខ៤២ ផ្លូវលេខ៣៣៦ ភូមិ ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ក្រោយធ្វើការបង្ហាញមុខជនសង្ស័យទាំង០២ ត្រូវបាននគរបាលកសាងសំណុំរឿង បញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕អត្ថបទ៖ កុម្ភៈ




