នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ាំងសង់ អេប្លេ (M.Vincent ÉBLÉ) សមាជិកព្រឹទ្ធសភាប្រចាំតំបន់បារាំង និងជាប្រធានក្រុមមិត្តភាពបារាំង-កម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះគណៈប្រតិភូ ដែលអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ហើយសង្ឃឹមថា ដំណើរទស្សនៈកិច្ចនេះនឹងពង្រឹងនូវទំនាក់ទំនងមិតភាពកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជាឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀតព្រោះកម្ពុជា និងបារាំងមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាជាយូរលង់ណាស់មកហើយ។
ឯកឧត្តមប្រធានគណៈប្រតិភូ ជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាផ្លូវការចំនួន៦ដង រួមជាមួយលក្ខណៈឯកជនផង គឺសរុបមានចំនួន១០លើកមកហើយ តែមិនដែលបានជួបសម្ដេចតេជោម្ដងណាឡើយ។ ឯកឧត្តម បង្ហាញក្ដីរីករាយ ដែលមានឱកាសបានជួបសម្ដេចតេជោ ក្នុងពេលដែលសម្ដេចធ្វើជាប្រធានព្រឹទ្ធសភា។
ឯកឧត្តមលើកឡើងថា កម្ពុជា និងបារាំង មានទំនាក់ទំនងយូរអង្វែង ក្នុងប្រវត្តិសាស្ត្រ ដោយប្រទេសទាំងពីរមានការផ្លាស់ប្ដូរទស្សនកិច្ចគ្នា មានការជួបសន្ទនាពិគ្រោះយោបល់ជាច្រើន ហើយឯកឧត្តមបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅទីក្រុងប៉ារីសកាលពីដើមឆ្នាំកន្លងទៅនេះគឺមានអត្ថប្រយោជន៍យ៉ាងសម្បើមណាស់។
ឯកឧត្តម បានជម្រាបជូនសម្ដេចតេជោថា តាំងពីឯកឧត្តម បានជាប់ឆ្នោត ជាប្រធានក្រុមមិត្តភាពអន្តរសភាបារាំង-កម្ពុជា នៅឆ្នាំ២០១២ មកដល់ពេលនេះ គឺមានរយៈពេល ១២ឆ្នាំហើយ ដោយឯកឧត្តម បានស្គាល់កម្ពុជាតាមរយៈការធ្វើទស្សនកិច្ចនៅកម្ពុជាចំនួន១០លើក ហើយបានស្គាល់តំបន់ដែលមានបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសបារាំង ដូច្នេះឯកឧត្តមបានស្គាល់ និងស្រឡាញ់ចូលចិត្តពីទំនៀមទំលាប់ វប្បធម៌ខ្មែរ ដែលធ្វើឱ្យទំនាក់ទំនងរបស់ឯកឧត្តម និងកម្ពុជា មានភាពរីកដុះដាល។
សម្ដេចតេជោ សម្ដែងក្ដីរីករាយដែលឮថា ឯកឧត្តមបានមកទស្សនកិច្ចនៅកម្ពុជាចំនួន១០ដង និងពេញចិត្តដែលបានផ្សារភ្ជាប់ទំនាក់ទំនងរវាងបារាំង និងកម្ពុជា ហើយជាពិសេសការចូលរួមរបស់បារាំង ក្នុងការស្វែងរកសុខសន្តិភាពនៅកម្ពុជា តាមរយៈការជួយជ្រោមជ្រែងឱ្យមានជំនួបរវាងសម្ដេចនិងអតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ រហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
សម្ដេច ក៏បានសម្ដែងក្ដីរីករាយផងដែរ ចំពោះកិច្ចការដែលកម្ពុជា បានធ្វើជាមួយបារាំង ហើយជាពិសេស ទំនាក់ទំនងជាហូរហែជាមួយថ្នាក់ដឹកនាំបារាំងជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។ សម្ដេចបង្ហាញការរីករាយដែលទំនាក់ទំនងនេះ មានការរីកលូតលាស់ទាំងផ្នែកសេដ្ឋកិច្ច ដោយមានក្រុមហ៊ុនបារាំងជាច្រើន បានចូលរួមជាបន្តបន្ទាប់ ហើយសម្ដេចបានសំណូមពរឱ្យឯកឧត្តមប្រធានគណៈប្រតិភូជំរុញឲ្យអ្នកវិនិយោគបារាំង មកវិនិយោគថែមទៀត លើវិស័យផ្សេងៗនៅកម្ពុជា។
សម្ដេចតេជោ បានបញ្ជាក់ថា នៅក្នុងវិស័យវប្បធម៌បេតិកភ័ណ្ឌ គឺបារាំងបានជួយច្រើន ជាពិសេសការធ្វើជាសហប្រធានជាមួយជប៉ុន ក្នុង ICC អង្គរ ដែលបានជួយជ្រោមជ្រែងរហូតដល់បានចុះបញ្ជីក្នុងបេតិកភណ្ឌ ប្រាសាទសំបូរព្រៃគុក កាលពីពេលកន្លងទៅនេះ។
ឯកឧត្តមប្រធានគណៈប្រតិភូ បានកោតសរសើរចំពោះសម្ដេចតេជោ ដែលបានដឹកនាំប្រទេសតាំងពីមានជម្លោះមកមានការអភិវឌ្ឍ។ ឯកឧត្តម ក៏បានបង្ហាញមោទនភាពផងដែរ ដោយសារតែបារាំងបានរួមចំណែកដ៏សុខសន្តិភាព វិបុលភាពរបស់ប្រទេសកម្ពុជា។ ឯកឧត្តម យល់ថា សន្តិភាពគឺជាគោលដៅមួយដ៏សំខាន់ណាស់ និងជាលក្ខខណ្ឌសម្រាប់គ្រប់ប្រទេស ដើម្បីមានការអភិវឌ្ឍ មានវិបុលភាព ហើយសម្រាប់ប្រជាជន គឺត្រូវការសុខសន្តិភាព។
ឯកឧត្តម សង្កេតឃើញថា កម្ពុជាជាប្រទេសស្វ័យភាពក្នុងការសម្រេចចិត្តដោយឯករាជភាពទាក់ទងជាមួយនឹងចំហររបស់កម្ពុជាលើបញ្ហាអូយក្រែនដែលឯកឧត្តមសង្កេតឃើញថាកម្ពុជាមានសមត្ថភាពមិនរណបប្រទេសអ្នកណា ស្ដាប់បង្គាប់អ្នកណាទេហើយជាប្រទេសតែមួយនៅក្នុងតំបន់ដែលមានឥរិយាបថដែលស្របនឹងគោលចំហជាមួយបារាំងផងដែរ៕



