កោះកុង ៖ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្តចេជាង និងប្រធានក្រុមហ៊ុនធំៗ នៃខេត្តចេជាង សាធារណៈរដ្ឋប្រជាមានិតចិន កំពុងសម្លឹងពីសក្តានុពលផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ខេត្តកោះកុង បម្រើការវិនិយោគទុន។
ក្នុងកិច្ចសំណេះសំណាលពិភាក្សាការងារគណៈប្រតិភូខេត្តកោះកុង គឺឯកឧត្តម Guo Xingfu មានប្រសាសន៍នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះថា ប្រទេសកម្ពុជា មានភូមិសាស្រ្តល្អ សំបូរទៅដោយធនធានធម្មជាតិ កម្លាំងពលកម្ម ដែលជាយុវជនច្រើន និងមានប្រព័ន្ធសន្តិសុខល្អ ស្ថេរភាពនយោបាយល្អ ដែលធ្វើឱ្យវិនិយោគទុនចិន បានសម្លឹងឃើញឱកាសវិនិយោគជាច្រើននៅប្រទេសកម្ពុជា។
សម្រាប់ខេត្តចេជាង ក្រុមហ៊ុន KASEN GROUP បានបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តព្រះសីហនុ ក្នុងដំណាក់កាលទី១ និងកំពុងបង្កើតតំបន់សេដ្ចកិច្ចពិសេស ដំណាក់កាលទី២ នៅខេត្តកោះកុង ហើយតំបន់សេដ្ឋកិច្ចពិសេសចេជាង ខេត្តកោះកុង មានផ្ទៃដីធំទូលាយ ដល់៧០៧ហិកតា ដែលនឹងអាចដំណើការរោងចក្រ និងក្រុមហ៊ុនជាច្រើន ក្នុងនោះរោងចក្រ និងក្រុមហ៊ុន ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន KASEN GROUP ក៏នឹងទៅតម្លើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាង ខេត្តកោះកុង ដែលអាចទាញស្របកម្លាំងពលកម្មប្រមាណ១ម៉ឺននាក់ សម្រាប់ជំហានទី១ និងកើនដល់៥ម៉ឺននាក់សម្រាប់ ពេលអនាគត។
ឯកឧត្តម Guo បន្តថាខេត្តចេជាង និងប្រទេសកម្ពុជាមានទំនាក់ទំនងជិតស្និតល្អប្រសេីរ, មូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មមានភាពរឹងមាំ។ ឯកឧត្តម សង្ឃឹមថាទ្វេភាគី កាន់តែឈ្វេងយល់ពីគ្នាកាន់តែច្រេីន ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងឡេីងដល់កំរិតកំពូល ដេីម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ដូចជាតំបន់សេដ្ឋកិច្ចពិសេសជាដេីម , សហការគ្នាស្រាវជ្រាវរកយុទ្ធសាស្ត្រ សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរួមទាំងផ្នែករដ្ឋបាល និងការវិនិយោគ។
លោកបណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរងខេត្ត ក៏បានស្នើសុំថ្នាក់ដឹកនាំខេត្តចេជាង ជួយផ្សព្វផ្សាយ និងនាំយកវិនិយោគទុនចិន ទៅបណ្តាក់ទុន រកស៊ីក្នុងប្រទេសកម្ពុជា ពិសេសខេត្តកោះកុងតែម្តង ព្រោះខេត្តកោះកុង មានសក្តានុពលល្អ លើវិស័យកំពង់ផែ វិស័យថាមពល និងតំបន់សេដ្ឋកិច្ចពិសេស ដែលស្រដៀងគ្នានឹងខេត្តចេជាង។
បេសកកម្មនេះ គឺតបតាមការអញ្ជើញរបស់ក្រុមហ៊ុន ខេមប៉ូឌាន ចេជាង គ្រុប ខូអិលធីឌី .ឯ.ក CAMBODIAN ZHEJIANG GUOJI SEZ CO., LTD. ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន KASEN GROUP៕ ដោយ ៖ មករា









