
អតីតមន្ត្រីអាមេរិកអំឡុងពេលការកាន់តំណែងប្រធានាធិបតីរបស់លោក ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) ប្រហែលជាចង់ «ដោះស្រាយ»បញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ប្រសិនបើលោកជាប់ឆ្នោតឡើងវិញ ដោយបញ្ជាក់ថា វិធីដោះស្រាយបញ្ហានេះគឺ «មិនអាចទាយទុកជាមុនបាន»។
លោកស្រី Allison Hooker អតីតនាយកជាន់ខ្ពស់ប្រចាំតំបន់អាស៊ី នៅក្រុមប្រឹក្សាសន្តិសុខជាតិ បានធ្វើការកត់សម្គាល់ ដោយបានគូសបញ្ជាក់ថា ទំនាក់ទំនងការទូតកម្រិតមេដឹកនាំជាមួយកូរ៉េខាងជើង គឺជាវិធីសាស្រ្ត «ត្រឹមត្រូវ»នៅពេលដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) គឺជា «អ្នកសម្រេច ចិត្តដ៏សំខាន់នោះ»។
លោកស្រី Hooker បាននិយាយក្នុងអំឡុងពេលវេទិកាអនឡាញដែលរៀបចំដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនថា៖«ខ្ញុំគិតថា គាត់ (លោក ត្រាំ ) មើលទៅកូរ៉េខាងជើង ហើយគិតថា ... យើងអាចផ្តលឱកាសឲ្យប្រទេសនេះម្តងទៀត»។
លោកស្រី បានបន្ថែមថា៖«គាត់ចង់ឃើញបញ្ហានោះត្រូវបានដោះស្រាយ ថាតើនោះជាបញ្ហានុយក្លេអ៊ែរ ឬបញ្ហាគំរាមកំហែង ឬអ្វីក៏ដោយ… ប៉ុន្តែរបៀបដែលយើងទៅដល់ទីនោះ គឺមិនអាចទាយទុកជាមុនបានទេ។
ដោយលោក ត្រាំ ដែលកំពុងប្រឹងប្រែងដើម្បីទទួលបានតំណែងនៅសេតវិមាន នៅក្នុងការបោះឆ្នោតនៅ ថ្ងៃទី៥ ខែវិច្ឆិកា សំណួរបានលេចឡើងថាតើគាត់ នឹងបន្តទំនាក់ទំនងការទូតផ្ទាល់ខ្លួនជាមួយលោក គីម ជុងអ៊ុន នៅក្នុងអ្វីដែលត្រូវបានគេហៅថា ជាវិធីសាស្រ្ត «ពីលើចុះក្រោម» ដែលនាំឲ្យមានកិច្ចប្រជុំដោយផ្ទាល់ចំនួនបីលើករវាងមេដឹកនាំទាំងពីរ រួមទាំងកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេ នៅប្រទេសសិង្ហបុរី ក្នុងឆ្នាំ ២០១៨។