
បន្ទាប់ពីបានធ្វើការសន្យាពពីការមាន «សករាជថ្មី« នៃភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយប្រធានាធិបតីចិនលោក Xi Jinping (ស៊ី ជីនពីង) ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (វ៉្លាឌីមៀរ ពូទីន) នៅថ្ងៃសុក្រ (ទី១៧ ខែឧសភា) នេះ គ្រោងនឹងបង្ហាញពីសារៈសំខាន់កាន់តែខ្លាំងឡើងនៃពាណិជ្ជកម្ម នៅជិតព្រំដែនរុស្ស៊ី ភាគឦសានរបស់ប្រទេសចិន។
លោក ពូទីន បញ្ចប់ដំណើរទស្សនកិច្ចលើកម្រាលព្រំក្រហមរយៈពេល ២ថ្ងៃរបស់លោកទៅកាន់ប្រទេសចិន នៅទីក្រុង Harbin ក្នុងខេត្ត Heilongjiang ជាទីកន្លែងដែលមានទំនាក់ទំនងពាណិជ្ជកម្ម និងវប្បធម៌យូរអង្វែងមកហើយជាមួយរុស្ស៊ី ហើយនិងមានពិព័រណ៍ទេសចរណ៍រុស្ស៊ី-ចិន និងវេទិកាស្តីពីកិច្ចសហប្រតិបត្តិការអន្តរតំបន់។
ដោយប្រឈមមុខនឹងភាពឯកោផ្នែកនយោបាយ និងការដាក់ទណ្ឌកម្មពីលោកខាងលិច ជុំវិញការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនរយៈពេល ២ឆ្នាំ លោក ពូទីន កំពុងងាកទៅមានភាពល្អូកល្អឺនជាមួយប្រទេសចិនកាន់តែខ្លាំងឡើង ដើម្បីគាំទ្រសេដ្ឋកិច្ចសង្រ្គាមរបស់ខ្លួន។
គួរបញ្ជាក់ថា អំឡុងពេលបង្ហាញពីដំណើរទស្សនកិច្ចផ្លូវរដ្ឋពេញលេញនាពេលនេះ លោក ពូទីន និងលោក ស៊ី បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែឧសភា) ដែលបានសាទរចំពោះ «សករាជថ្មី» ដោយប្រឆាំងនឹងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ និងសេដ្ឋកិច្ច ហើយនិងទស្សនៈពិភពលោករួមគ្នា។
ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍រួមនេះ បន្ថែមពីលើភាពជាដៃគូ «គ្មានដែនកំណត់» ដែលមេដឹកនាំទាំង២ បានប្រកាសនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ពោលគឺមានរយៈពេលប៉ុន្មានថ្ងៃមុនពេលលោក ពូទីន បានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងប្រទេសជិតខាងអ៊ុយក្រែន ដោយការសម្រេចធ្វើបែបនោះ បានចាប់ផ្តើមឲ្យមានសង្រ្គាមផ្លូវគោកដ៏សាហាវបំផុត នៅអឺរ៉ុប គិតចាប់តាំងពីសង្គ្រាមលោកលើកទី២៕