
ក្រសួងរតនាគារ បានឲ្យដឹងថា សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែឧសភា) បានសម្រេចដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពចំនួន៥ ដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ី ពាក់ព័ន្ធនឹងការផ្ទេរអាវុធ រវាងកូរ៉េខាងជើង និងរុស្ស៊ី ដោយនេះជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់ ដើម្បីរំខាន និងលាតត្រដាងពីប្រតិបត្តិការយោធារបស់ប្រទេសទាំង២។
ការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេសរបស់ក្រសួងនេះ បានដាក់ទណ្ឌកម្មលើបុគ្គលរុស្ស៊ី ២រូប និងអង្គភាពចំនួន៣ ដែលមានមូលដ្ឋាននៅរុស្ស៊ី ជុំវិញការសម្របសម្រួលការផ្ទេរអាវុធ រវាងប្រទេសទាំង២ ដែលខ្លួនបានរិះគន់ថា ជាការរំលោភលើសេចក្តីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលហាមប្រាមការជួញដូរអាវុធជាមួយទីក្រុងព្យុងយ៉ាង។
ក្រសួងបានប្រាប់ថា បុគ្គល ២រូបនោះ គឺឈ្មោះ Aleksey Budnev និង Rafael Anatolyevich Gazaryan ហើយក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុន Trans Kapital Limited Liability Company ក្រុមហ៊ុន Rafort Limited Liability Company និងក្រុមហ៊ុន Tekhnologiya។
ក្រសួងនេះ បានសង្កត់ធ្ងន់ថា ការដាក់ទណ្ឌកម្មនេះ បង្ហាញថា »ដំណោះស្រាយ» របស់សហរដ្ឋអាមេរិកក្នុងការដាក់ទណ្ឌកម្ម និងធ្វើឲ្យរុស្ស៊ី និងកូរ៉េខាងជើងទទួលខុសត្រូវ ចំពោះសកម្មភាព «ខុសច្បាប់» របស់ពួកគេ។
លោក Brian Nelson អនុរដ្ឋរដ្ឋមន្ត្រីក្រសួងរតនាគារទទួលបន្ទុកភេរវកម្ម និងចារកម្មហិរញ្ញវត្ថុ បាននិយាយថា៖ «សកម្មភាពថ្ងៃនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការបង្អាក់កិច្ចសហប្រតិបត្តិការយោធាដ៏ស៊ីជម្រៅរបស់កូរ៉េខាងជើងជាមួយរុស្ស៊ី»។
មន្ត្រីរូបនេះ បានបន្ថែមថា៖ «សហរដ្ឋអាមេរិកនឹងបន្តចាត់វិធានការឲ្យមានការទទួលខុសត្រូវពីអ្នកដែលស្វែងរកការសម្របសម្រួលការដឹកជញ្ជូនសព្វាវុធ និងសម្ភារៈផ្សេងៗទៀត ដើម្បីឲ្យរុស្ស៊ីអាចបន្តសង្រ្គាមនៅអ៊ុយក្រែន»៕