
តារាបញ្ចូលសំឡេង ២នាក់ បានប្តឹងក្រុមហ៊ុនបង្កើតបញ្ញាសិប្បនិមិត្ត Lovo នៅតុលាការសហព័ន្ធ Manhattan នៅថ្ងៃសុក្រ (ទី១៧ ខែឧសភា) នេះ ដោយចោទប្រកាន់ក្រុមហ៊ុនថា បានចម្លងសំឡេងរបស់ពួកគេដោយខុសច្បាប់ និងប្រើប្រាស់ ដោយគ្មានការអនុញ្ញាតនៅក្នុងបច្ចេកវិទ្យាបញ្ចូលសំឡេងបញ្ញាសិប្បនិម្មិត (AI) របស់ខ្លួន។
លោក Paul Skye Lehrman និងអ្នកនាង Linnea Sage បានឲ្យដឹងនៅក្នុងពាក្យបណ្ដឹងតំណាងនោះថា ក្រុមហ៊ុន Lovo ដែលមានមូលដ្ឋាននៅទីក្រុង San Francisco កំពុងលក់កំណែ AI នៃសំឡេងរបស់ពួកគេ ដោយគ្មានការអនុញ្ញាត បន្ទាប់ពីបញ្ឆោតពួកគេឲ្យផ្តល់គំរូសំឡេងដល់ក្រុមហ៊ុន។
ដើមបណ្ដឹងទាំង២ ដែលស្វែងរកសំណងខូចខាតយ៉ាងហោចណាស់ ៥លានដុល្លារអាមេរិក បានចោទប្រកាន់ក្រុមហ៊ុន Lovo ពីបទក្លែងបន្លំ ការផ្សាយពាណិជ្ជកម្មក្លែងក្លាយ និងរំលោភសិទ្ធិផ្សព្វផ្សាយរបស់ពួកគេ។
នេះ គឺជាករណីចុងក្រោយបង្អស់នៃការកើនឡើងបណ្តឹងដ៏មានហានិភ័យខ្ពស់ ដែលក្រុមហ៊ុនបច្ចេកវិទ្យាត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ខ្លឹមសារខុស ក្នុងនោះរួមទាំងការយកពីសៀវភៅ អត្ថបទព័ត៌មាន និងអត្ថបទចម្រៀង បញ្ជូនទៅ AI។
មេធាវីលោក Steve Cohen របស់ក្រុមហ៊ុន Pollock Cohen ដែលតំណាងឲ្យដើមបណ្តឹង បាននិយាយថា៖ «យើងចង់ធ្វើឲ្យប្រាកដថា រឿងនេះនឹងមិនកើតឡើង ចំពោះមនុស្សផ្សេងទៀត»៕