
តុលាការទួរគីកាលពីថ្ងៃព្រហស្បតិ៍ បានកាត់ទោសអតីតប្រធានគណបក្សគាំទ្រឃើដឲ្យជាប់ពន្ធនាគារចំនួន ៤២ឆ្នាំ សម្រាប់តួនាទីដែលត្រូវបានចោទប្រកាន់របស់លោក នៅក្នុងការតវ៉ាដ៏ខ្លាំងក្លា ឆ្នាំ២០១៤ ដែលបានផ្ទុះឡើង នៅពេលដែលក្រុមជីហាដរដ្ឋឥស្លាម បានលុកលុយទីក្រុង Kobane របស់ប្រទេស ស៊ីរី។
នៅក្នុងពន្ធនាគារ ចាប់តាំងពីឆ្នាំ ២០១៦ លោក Selahattin Demirtas អាយុ ៥១ ឆ្នាំ ដែលជាគូប្រជែងការបោះឆ្នោតពីរសម័យកាលរបស់លោកប្រធានាធិបតី រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មរាប់សិប រួមទាំងការបំផ្លាញឯកភាពរដ្ឋ និងបូរណភាពរបស់ប្រទេសនេះ។
ទូរទស្សន៍ឯកជន NTV និងក្រុមសិទ្ធិមនុស្ស MLSA បានរាយការណ៍ថា តុលាការនៅទីក្រុង Sincan នៅជាយក្រុងអង់ការ៉ា ក៏បានកាត់ទោសអតីតសហប្រធានគណបក្សប្រជាធិបតេយ្យប្រជាជន (HDP) លោក Figen Yuksekdag ឲ្យជាប់ពន្ធនាគារ ៣០ឆ្នាំ និង ៣ខែផងដែរ។
បន្ទាប់ពីសវនាការ សមាជិកជាច្រើនរូបរបស់គណបក្សនេះ ដែលត្រូវបានប្តូរឈ្មោះមកជា DEM បានលើករូបមេដឹកនាំទាំងពីរ ដែលកំពុងជាប់ពន្ធនាគារ នៅក្នុងរដ្ឋសភា។
ក្រុមសិទ្ធិមនុស្ស MLSA បានបន្ថែមថា ដោយខ្លាចមានបញ្ហាបន្ទាប់ពីករណីនេះ អភិបាលនៃខេត្តភាគខាងត្បូងយ៉ាងហោចណាស់១៤ ដែលមានសហគមន៍ឃើដ និងស៊ីរីធំៗ បានហាមឃាត់ការធ្វើបាតុកម្មរយៈពេល ៤ថ្ងៃ។