ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយសាធារណរដ្ឋកូរ៉េ សាធារណរដ្ឋប្រជាមានិតចិន និងជប៉ុន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបីលើកទី២២ តាមប្រព័ន្ធវីដេអូ។
ក្នុងកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយនឹងសាធារណរដ្ឋកូរ៉េ កិច្ចប្រជុំបានអបអរសាទរវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ និងបានរំលឹកឡើងវិញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ រួមមានតាមរយៈគោលនយោបាយទិសខាងត្បូងថ្មីបូក(NSPP)របស់សាធារណរដ្ឋកូរ៉េ។
ក្នុងន័យនេះ អាស៊ានបានគាំទ្រចំពោះសំណើរបស់សាធារណរដ្ឋកូរ៉េ សម្រាប់សេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំ ស្តីពីការជំរុញកិច្ចស ហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលស្របគ្នាជាមួយគោលនយោបាយទិសខាងត្បូងថ្មីបូក(NSPP) និងយុទ្ធសាស្រ្ត និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់អាស៊ាន។
អាស៊ានបានស្វាគមន៍សំណើរបស់សាធារណរដ្ឋកូរ៉េ ក្នុងការរៀបចំឱ្យមានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) បូកយន្តការសាធារណរដ្ឋកូរ៉េ។
រដ្ឋមន្រ្តីការបរទេសអាស៊ាន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋកូរ៉េ សម្រាប់ការគាំទ្រយ៉ាងមុតមាំរបស់សាធារណរដ្ឋកូរ៉េ ក្នុងការដោះស្រាយបញ្ហាជំងឺរាតត្បាតកូវីដ-១៩ រួមមានការរៀបចំកិច្ចសន្ទនាសុខុមាលភាពអាស៊ាន-សាធារណរដ្ឋកូរ៉េ ជាដើម។
ចំពោះកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិនវិញ កិច្ចប្រជុំបានកត់សម្គាល់ដោយការពេញចិត្ត ចំពោះសមិទ្ធផលនៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន និងបានអបអរសាទរចំពោះការទទួលបានលទ្ធផលផ្លែផ្កា ក្នុងការរៀបចំកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៧-០៨ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងឆុងឈីង ដែលជាផ្នែកមួយនៃការប្រារព្ធខួបលើកទី៣០នៃទំនាក់ទំនងអាស៊ាន-ចិន។
សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្របពេលដែលអាស៊ានបានសម្តែងនូវការកោតសរសើរ ចំពោះប្រទេសចិនសម្រាប់ការគាំទ្រតំបន់យ៉ាងពេញទំហឹង ប្រទេសចិនបានរំលឹកជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហការជាមួយអាស៊ាន រួមមានតាមរយៈការគាំទ្រដល់សមត្ថភាពតំបន់ក្នុងការផលិត និងចែកចាយវ៉ាក់សាំង និងសម្ភារៈវេជ្ជសាស្រ្ត ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ។
ក្នុងកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយនឹងជប៉ុន កិច្ចប្រជុំបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងអាស៊ាន-ជប៉ុន តាមរយៈការអនុវត្តផែនការអនុវត្តនៃសេចក្តីប្រកាសចក្ខុវិស័យស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ៖ ចក្ខុវិស័យរួមគ្នា អត្តសញ្ញាណរួមគ្នា អនាគតរួមគ្នា ដែលត្រូវបានកែសម្រួលឡើងវិញ។ អាស៊ានបានសម្តែងនូវការកោតសរ សើរចំពោះប្រទេសជប៉ុនសម្រាប់ការផ្តល់វ៉ាក់សាំង ការគាំទ្រដល់ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ តាមរយៈហិរញ្ញវត្ថុអភិវឌ្ឍ និងការពង្រឹងភាពរឹងមាំតំបន់ តាមរយៈការបង្កើតមជ្ឈមណ្ឌលអាស៊ានស ម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន(ACPHEED)។
ទាំងអាស៊ាន និងជប៉ុន បានឯកភាពសម្រួលឱ្យមានការស្តារសេដ្ឋកិច្ចឡើងវិញឆាប់រហ័ស តាមរយៈការអនុវត្តប្រកប ដោយប្រសិទ្ធភាពនូវផែនការសកម្មភាពភាពភាពធន់រឹងមាំនៃសេដ្ឋកិច្ចរបស់អាស៊ាន-ជប៉ុន និងការគាំទ្រដល់ការអនុវត្តក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន។
ចំពោះកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី(APT)លើកទី២២វិញ កិច្ចប្រជុំបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពប្រកបដោយអត្ថន័យ ក្នុងការអនុវត្តផែនការការងារកិច្ចសហប្រតិបត្តិការអាស៊ានបូកបី(២០១៨-២០២២) និងទន្ទឹងដល់ការអភិវឌ្ឍផែនការការងារកិច្ចសហប្រតិបត្តិការអាស៊ានបូកបីថ្មី សម្រាប់ឆ្នាំ២០២៣-២០២៧។
កិច្ចប្រជុំបានទទួលស្គាល់នូវតួនាទីនាំមុខនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងបានទទួលស្គាល់អំពីជំនួយរបស់ប្រទេសបូកបី ជូនដល់ប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាការរួមចំណែករបស់ប្រទេសបូកបី ជួយដល់គំនិតផ្តួចផ្តើមនានារបស់អាស៊ានក្នុងប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩៕