
អ្នកវិភាគ បាននិយាយថា ទោះបីជាលោកខាងលិចអំពាវនាវឲ្យចិនកាត់បន្ថយការគាំទ្ររបស់ខ្លួនចំពោះ សង្គ្រាមរបស់ទីក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែន ដោយកំណត់ការផ្គត់ផ្គង់សម្ភារៈដែលអាចប្រើប្រាស់ទាំងយោធានិងស៊ីវិល និងសមាសធាតុសព្វាវុធដល់ប្រទេសរុស្ស៊ីក៏ដោយ ក៏ទីក្រុងប៉េកាំង មិនមានចំណាប់អារម្មណ៍ ក្នុងការទម្លាក់ការគាំទ្ររបស់ខ្លួនសម្រាប់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នោះទេ។
ខណៈពេលដែលប្រទេសចិន មិនចង់បង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយលោកខាងលិច ហើយទទូចថាខ្លួនមិនបញ្ជូនអាវុធសម្លាប់មនុស្សទៅទីក្រុងមូស្គូ ទីក្រុងវ៉ាស៊ីនតោន បានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងតស៊ូដើម្បីទ្រទ្រង់ការវាយលុករបស់ខ្លួនលើអ៊ុយក្រែន ដោយពុំចាំបាច់មានទីក្រុងប៉េកាំងទេ។
កាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន បានទៅដល់ប្រទេសចិន ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ខណៈដែលទីក្រុងមូស្គូ កំពុងស្វែងរកការគាំទ្របន្ថែមពីលោកប្រធានាធិបតី ស៊ី ជីនពីង ( Xi Jinping) សម្រាប់កិច្ចប្រឹងប្រែងធ្វើសង្រ្គាមនៅអ៊ុយក្រែន បន្ទាប់ពីការដាក់ទណ្ឌកម្មជាច្រើនជុំរបស់លោកខាងលិច។
កិច្ចពិភាក្សាកម្រិតខ្ពស់នេះ ធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់លោក ស៊ី កាលពីសប្តាហ៍មុន នៅទីក្រុងប៉ារីសជាមួយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលបានស្វាគមន៍ «ការប្តេជ្ញាចិត្ត» របស់ប្រទេសចិន ដើម្បី «គ្រប់គ្រងយ៉ាងតឹងរ៉ឹង»លើការនាំចេញទំនិញ
ដែលអាចប្រើប្រាស់សម្រាប់ស៊ីវិលផងនិងយោធា ខណៈពេលដែលក៏មានការព្រួយបារម្ភអំពី «ព័ត៌មានដែលយើងអាចមាន» អំពីការបំពានដោយក្រុមហ៊ុនចិនមួយចំនួន។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ដែលបានចូលរួមក្នុងកិច្ចពិភាក្សាទាំងនោះបាននិយាយថា៖«ត្រូវការកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាត់បន្ថយការដឹកជញ្ជូនទំនិញដែលអាចប្រើប្រាស់សម្រាប់ស៊ីវិលនិងយោធា ទៅឲ្យប្រទេសរុស្ស៊ីដែលស្វែងរកផ្លូវរបស់ពួកគេ ទៅកាន់សមរភូមិ»។