
ប្រព័ន្ធផ្សព្វផ្សាយផ្លូវការលីបង់ បាននិយាយថា នៅថ្ងៃសុក្រនេះ អ៊ីស្រាអែល បានវាយប្រហារតាមអាកាសទៅលើតំបន់ភាគខាងត្បូងប្រទេសលីបង់ឆ្ងាយពីព្រំដែន បន្ទាប់ពីប៉ុន្មានថ្ងៃនៃការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហេសបូឡា(Hezbollah)។
ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ជាសម្ព័ន្ធមិត្តហាម៉ាស បានបាញ់ឆ្លងព្រំដែនជាមួយកងកម្លាំងអ៊ីស្រាអែលស្ទើរតែរាល់ថ្ងៃ ចាប់តាំងពីការវាយប្រហារថ្ងៃទី ៧ ខែតុលា របស់ក្រុមប៉ាឡេស្ទីន ទៅលើអ៊ីស្រាអែលភាគខាងត្បូង ដែលបានបង្កឲ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សា ហើយឥឡូវនេះជាខែទី៨។
ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ប្រទេសលីបង់ បាននិយាយថា៖«ការវាយប្រហាររបស់អ៊ីស្រាអែល បានកំណត់គោលដៅលើភូមិ Najjariyeh និង Addousiyeh ជាភូមិពីរដែលនៅជាប់គ្នាប្រហែល ៣០គីឡូម៉ែត្រ (១៩ម៉ាយ) ពីព្រំដែនអ៊ីស្រាអែល នៅភាគខាងត្បូងនៃទីក្រុងឆ្នេរសមុទ្រស៊ីដូន។
សារព័ត៌មាណ NNA បានរាយការណ៍អំពី«ជនរងគ្រោះ" ដោយមិនបានបញ្ជាក់លម្អិត ហើយអ្នកថតរូប AFPម្នាក់ បានឃើញរថយន្តសង្គ្រោះ កំពុងធ្វើដំណើរទៅកាន់ទីតាំងគោលដៅ។