
យោធារបស់ទីក្រុងសេអ៊ូល នៅថ្ងៃព្រហស្បតិ៍ (ទី១៧ ខែឧសភា) នេះ បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីជាច្រើនគ្រាប់ ពោលគឺមានរយៈបេលប៉ុន្មានម៉ោងបន្ទាប់ពីប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានបដិសេធការចោទប្រកាន់ ដែលថា ទីក្រុងព្យុងយ៉ាងកំពុងដឹកជញ្ជូនអាវុធទៅប្រទេសរុស្ស៊ី។
គួរបញ្ជាក់ថា បើយោងតាមការលើកឡើងនេះ បានបង្ហាញថា នេះគឺជាការបាញ់ចុងក្រោយបំផុត នៅក្នុងសាកល្បងអាវុធកាន់តែទំនើបឡើងៗបន្តបន្ទាប់មិនធ្លាប់មានរបស់កូរ៉េខាងជើង ដែលបានបាញ់មីស៊ីលតម្រង់គោលដៅ រ៉ូក្កែតតាកទិក និងអាវុធល្បឿនលឿនជាងសំឡេង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជាអ្វីដែលប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរមួយនេះ បាននិយាយថា ជាការជំរុញឲ្យកាន់តែប្រសើរឡើងនូវការការពាររបស់ខ្លួន។
ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បានចោទប្រកាន់កូរ៉េខាងជើងថា បានបញ្ជូនអាវុធទៅឲ្យរុស្ស៊ី ដែលនឹងបំពានលើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើប្រទេសទាំង២ ដោយអ្នកជំនាញនិយាយថា ការធ្វើតេស្តជាបន្តបន្ទាប់ នាពេលថ្មីៗនេះ អាចជាអាវុធ ដែលត្រូវបានរៀបចំទុក ដើម្បីប្រើប្រាស់ នៅសមរភូមិ ក្នុងប្រទេសអ៊ុយក្រែន។
នៅថ្ងៃទី១៧ ខែឧសភានេះ យោធារបស់ទីក្រុងសេអ៊ូល បាននិយាយថា ខ្លួនបានរកឃើញការបាញ់បង្ហោះនូវអ្វីដែលខ្លួនបានពិពណ៌នាថា ជា «វត្ថុហោះជាច្រើនដែលសន្មតថា ជាមីស៊ីលផ្លោងរយៈចម្ងាយខ្លី» បាញ់ចេញពីតំបន់ Wonsan ភាគខាងកើតរបស់កូរ៉េខាងជើង ចូលទៅក្នុងដែនទឹកម្ដដុំឆ្នេរសមុទ្ររបស់សខ្លួន។
អគ្គសេនាធិការចម្រុះបាននិយាយថា មីស៊ីលជាច្រើនគ្រាប់បានហោះក្នុងចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ដោយបន្ថែមថា យោធាបានពង្រឹងការប្រុងប្រយ័ត្ន និងការតាមឃ្លាំមើល ដើម្បីត្រៀមសម្រាប់ការបាញ់បង្ហោះបន្ថែមទៀត ហើយកំពុងចែករំលែកព័ត៌មានជាមួយសម្ព័ន្ធមិត្តទីក្រុងវ៉ាស៊ីនតោន និងតូក្យូ៕