
នគរបាលស៊ុយអែត នៅថ្ងៃសុក្រ (១៧ ឧសភា) បាននិយាយថា ខ្លួនបានបិទតំបន់មួយ ក្នុងរដ្ឋធានី Stockholm បន្ទាប់ពីពេលល្បាតបានឮស្នូរកាំភ្លើង ដែលត្រូវបានសង្ស័យថា អាចនៅក្បែរស្ថានទូតអ៊ីស្រាអែល ដែលមានទីតាំងនៅតំបន់បិទការចេញចូលនេះ។
យ៉ាងណាក្ដី ទីភ្នាក់ងារព័ត៌មានស៊ុយអែត TT បានរាយការណ៍ថា នគរបាលបានបដិសេធមិនធ្វើអត្ថាធិប្បាយថា តើហេតុការណ៍នេះ មានជាប់ទាក់ទងនឹងស្ថានទូតអ៊ីស្រាអែលដែរ ឬយ៉ាងណា។
នគរបាលបាននិយាយថា ការស៊ើបអង្កេតលើជនសង្ស័យឧក្រិដ្ឋកម្មអាវុធធ្ងន់ធ្ងរ ត្រូវបានចាប់ផ្តើមធ្វើឡើង ហើយថា ពួកគេបានចាប់ខ្លួនមនុស្សជាច្រើននាក់ ពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ។
តែអ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញា នៅល្ងាចថ្ងៃសុក្រនេះ បាននិយាយថា គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេ ត្រូវបានឃុំខ្លួននោះទេ។ ចំណែកស្ថានទូតអ៊ីស្រាអែលមិនអាចទាក់ទងបានភ្លាមៗនោះឡើយ សម្រាប់ការស្វែងការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងហេតុការណ៍នេះ៕