អាស៊ាន៖ រដ្ឋមន្ត្រីក្រសួងការបរទេស មកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន (ASEAN) បានតែងតាំងរដ្ឋមន្ត្រីទី២ របស់ប្រ៊ុយណេគឺលោក Erywan Yusof ជាប្រេសិតពិសេសប្រចាំសហភាពមីយ៉ាន់ម៉ា។
យោងតាមសេចក្តីប្រកាសព័ត៌មានមួយ ដែលត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃចន្ទ និងថ្ងៃពុធដោយរដ្ឋមន្ត្រីការបរទេសនៃប្លុកនេះ លោក Erywan ត្រូវបានទទួលបន្ទុកជួយបញ្ចប់អំពើហិង្សានៅក្នុងសហភាពមីយ៉ាន់ម៉ា និងបើកការសន្ទនារវាងមេដឹកនាំយោធា និងគូប្រជែងរបស់ពួកគេ នៅក្នុងប្រទេសដែលកំពុងហែកហួរដោយវិបត្តិមួយនេះ។ លោក Yusof ក៏នឹងត្រួតពិនិត្យកញ្ចប់ជំនួយមនុស្សធម៌ដែរ ទោះបីគ្មានព័ត៌មានលម្អិតត្រូវបានប្រកាសក៏ដោយ។ ផ្ទុយទៅវិញ សេចក្ដីថ្លែងការណ៍រួមនេះបានអំពាវនាវ ឱ្យមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ ចាប់ផ្ដើមធ្វើការលើការណែនាំគោលនយោបាយ។
ក្រុមសិទ្ធិមនុស្សបាននិយាយថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាំបាច់ត្រូវដោះស្រាយជាបន្ទាន់នូវវិបត្តិសិទ្ធិមនុស្ស និងមនុស្សធម៌ធ្ងន់ធ្ងររបស់មីយ៉ាន់ម៉ា ដែលកំពុងត្រូវបានរងគ្រោះបន្ថែមដោយគ្រាអាសន្នសុខភាពជំងឺ COVID-19 និងទឹកជំនន់នាពេលថ្មីៗនេះ ដោយព្រមានប្លុកក្នុងតំបន់ដើម្បីចៀសវាងផ្ដល់ភាពស្របច្បាប់ ចំពោះយោធារបស់ប្រទេស។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបសមភាគីអាស៊ានដែលជាផ្នែកមួយ នៃកិច្ចប្រជុំថ្នាក់តំបន់ដែលលោកកំពុងចូលរួមនៅក្នុងសប្ដាហ៍នេះ ហើយបានអំពាវនាវឱ្យប្លុកនេះចាត់វិធានការរួមគ្នា ដើម្បីជំរុញឱ្យយោធាបញ្ចប់អំពើហិង្សា៕
អត្ថបទ៖ សុខមាន