
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក និងក្រុមហ៊ុន TikTok កាលពីថ្ងៃសុក្រ បានស្នើឱ្យតុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិក ពន្លឿនកាលបរិច្ឆេទឲ្យបានលឿន ក្នុងការពិចារណាបញ្ហាប្រឈមផ្លូវច្បាប់ ចំពោះច្បាប់ថ្មី ដែលតម្រូវឱ្យក្រុមហ៊ុនមេ ByteDance មានមូលដ្ឋាននៅប្រទេសចិន លក់ទ្រព្យសម្បត្តិក្រុមហ៊ុន TikTok ទៅសហរដ្ឋអាមេរិក នៅត្រឹមថ្ងៃទី១៩ ខែមករា បើមិនដូច្នេះទេ នឹងប្រឈមមុខចំពោះបម្រាម។
ក្រុមហ៊ុន TikTok, ByteDance និងក្រុមអ្នកបង្កើតមាតិកា TikTok បានចូលរួមជាមួយក្រសួងយុត្តិធម៌ដើម្បីស្នើសុំឱ្យតុលាការឧទ្ធរណ៍សហរដ្ឋអាមេរិក នៅទីក្រុង Columbia ចេញសេចក្តីសម្រេចនៅត្រឹមថ្ងៃទី៦ ខែធ្នូ ដើម្បីអាចស្វែងរកការពិនិត្យឡើងវិញពីតុលាការកំពូល ប្រសិនបើចាំបាច់ នៅមុនកាលបរិច្ឆេទកំណត់របស់សហរដ្ឋអាមេរិក។
កាលពីថ្ងៃអង្គារ ក្រុមអ្នកបង្កើត TikTok មួយក្រុម បានដាក់ពាក្យបណ្តឹងដើម្បីរារាំងច្បាប់ដែលអាចហាមឃាត់កម្មវិធីដែលប្រើប្រាស់ដោយប្រជាជនអាមេរិកចំនួន១៧០លាននាក់ ដោយនិយាយថា វាមាន៉ះពាល់យ៉ាងខ្លាំងដល់ជីវិតជនជាតិអាមេរិក។
កាលពីសប្តាហ៍មុន ក្រុមហ៊ុន TikTok និងក្រុមហ៊ុនមេ ByteDance បានដាក់ពាក្យបណ្តឹងស្រដៀងគ្នានេះ ដោយអះអាងថា ច្បាប់នេះរំលោភលើរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក រួមទាំងការបំពានលើការការពារការបញ្ចេញមតិដោយសេរី។
ក្រុមហ៊ុន TikTok បាននិយាយថា ដោយការពន្លឿនកាលបរិច្ឆេទ ក្រុមហ៊ុនជឿថា បញ្ហាប្រឈមផ្លូវច្បាប់ អាចដោះស្រាយបាន ដោយពុំចាំបាច់ស្នើសុំការសង្គ្រោះបឋមពីជំនួយតាមសេចក្តីបង្គាប់ឡើយ។
ច្បាប់ ដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី លោក Joe Biden កាលពីថ្ងៃទី២៤ ខែមេសា ផ្តល់ឱ្យក្រុមហ៊ុនមេ ByteDance រហូតដល់ថ្ងៃទី១៩ ខែមករា ដើម្បីលក់ក្រុមហ៊ុន TikTok បើមិនដូច្នេះទេ នឹងប្រឈមការហាមឃាត់។